ប្រគល់អគារសិក្សានិងសមិទ្ធផលដែលជួសជុលរួចនៅវិទ្យាល័យហ៊ុនសែនខ្លាកូននិងបឋមសិក្សា៣កន្លែងនៅក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ ពិធីប្រគល់ ទទួលអគារសិក្សានិងសមិទ្ធផលនានាដែលបានជួសជុល កែលម្អរួចជាស្ថាពរជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រឹស្ទនៃពួកបរិស័ទចុងក្រោយ នៅវិទ្យាល័យហ៊ុន សែនខ្លាកូននិងសាលាបឋមសិក្សា៣កន្លែងទៀតនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលប្រារព្ធធ្វើរួមនៅវិទ្យាល័យហ៊ុន សែនខ្លាកូន សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៣ ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា : អគារសិក្សានិងសមិទ្ធផលនានានោះរួមមានអគារសិក្សា១ខ្នងស្មើ៥បន្ទប់ និងឡដុតសំរាម១កន្លែង ,សាលាបឋមសិក្សាភ្នំបាក់ អគារសិក្សា១ខ្នងស្មើ៦បន្ទប់និងកន្លែងលាងដៃ១ ,សាលាបឋមសិក្សាទឹកថ្លាអគារសិក្សា២ខ្នងស្មើ១០បន្ទប់ និងឡដុតសំរាម១កន្លែងនិងសាលាបឋមសិក្សាពង្រអគារសិក្សា១ខ្នងស្មើ៥បន្ទប់ ។

សមិទ្ធផលទាំងនេះជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រឹស្ទនៃពួកបរិស័ទចុងក្រោយ(Renovations to schools provided by the local community and The Assiociation of The Church of Jesus Christ of Latter -day Saint) ។

លោកបន្តថា : ការជួសជុលអគារសិក្សានិងកសាងថ្មីឡដុតសំរាម កន្លែងលាងដៃទាំងនេះ បានឆ្លើយតបចំគោលបំណងចង់បានបានបំផុតរបស់ប្អូនៗសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូព្រមទាំងមាតាបិតាសិស្ស។

ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកឈួ ប៊ុនរឿង សូមថ្លែងនូវអំណរអរគុណ និងសូមកោតសរសើរចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយ ជាពិសេស លោករ៉ត ស្មីត (Rod Smith ) លោកស្រីផាទ្រិចស៊ីរ ស្មីត ) Padric-C-Smith ) អ្នកឯកទេសកិច្ចការមនុស្សធម័នៃសមាគម ដែលបានយកចិត្តទុកដាក់ គិតគូនិងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ ។

កន្លងមកខេត្តក៏ទទួលបាន នូវការជួសជុលឡើងវិញនូវសាលាមួយចំនួនពីសមាគមនេះដូចជា៖១-សាលាបឋមសិក្សាព្រហូត ១ខ្នង ស្មើ៥បន្ទប់ បន្ទប់ទឹក ២ខ្នង ស្មើ៦បន្ទប់និងឡដុតសំរាម១ -នៅក្រុងសិរីសោភ័ណ ។២- សាលាបឋមសិក្សាគំរូស្រុកមង្គលបូរី ២ខ្នង ៨បន្ទប់ ។៣-វិទ្យាល័យភ្នំធំ អគារសិក្ស១ខ្នង កម្ពស់២ជាន់ស្មើ១៥បន្ទប់ នៅស្រុកមង្គលបូរី ។

លោករ៉ត ស្មីត (Rod Smith ) លោកស្រីផាទ្រិចស៊ីរ ស្មីត ) Padric-C-Smith ) អ្នកឯកទេសកិច្ចការមនុស្សធម័នៃសមាគម និកាយសាសនាចក្រនៃព្រះយេស៊ូវគ្រឹស្ទនៃពួកបរិស័ទចុងក្រោយបានសូមអោយព្រះប្រទានពរចំពោះមន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញអប់រំ គណៈ:គ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្សនិងអាណាព្យាបាលសិស្សដែលបានទទួលនូវអគារសិក្សា កន្លែងលាងដៃ ឡដុតសំរាមដែលជាជំនួយរបស់សប្បុរសជននៅនាយសមុទ្រ រួមមានសហរដ្ឋអាមេរិកផងដែរ តាមរយ:សមាគមខាងលើ។

លោករ៉ត ស្មីត និងលោកស្រីផាទ្រិចស៊ីរ ស្មីត បានថ្លែងបន្តថា : បំណងនៃជំនួយរបស់សមាគមគឺគ្មានលក្ខ័ខ័ណ្ឌ គ្មាននិន្នាការ គ្មានការរើសអើងអ្វីទាំងអស់ ។
ប៉ុន្តែសូមអោយអ្នកទទួលផល សូមប្រើប្រាស់វាអោយចំគោលដៅពោលគឺសូមយុវជននិងកុមារខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹង ចំណេះជំនាញដើម្បីមានអនាគតល្អ និងថែទាំអនាម័យ ថែទាំងបរិស្ថានដើម្បីសុខភាពល្អ។

លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាតំណាងលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ក្នុងនាមរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ និងក្នុងនាមខ្លួនលោកស្រីផ្ទាល់ លោកស្រីសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយ ដែលបានខិតខំស្វែងរកការគាំទ្រ កៀគរពីសប្បុរជន ក្នុងនិងក្រៅប្រទេសក្នុង ការជួយអភិវឌ្ឍដល់វិស័យអប់រំ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជាការពិតណាស់ ដោយការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងមានកិច្ចសហប្រតិបត្តិការនិងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលអស់នេះ ក៏ដូចជាជូនក្រសួងអប់រំ យុវជននិងកីឡានិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ការសាងសង់អាគារសិក្សា គឺជាការឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា គឺ ៖ ទី១ -សមធម៌នៃការចូលរៀន ទី២ -គុណភាព និងប្រសិទ្ធភាពនៃសេវា អប់រំ ទី៣ -ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ៕ដោយ៖ឃិន គន្ធា