ខេត្តព្រះវិហារ៖ ផ្ទៃដីដែលមានទំហំ ៣៣៥ហិកតា ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចកាត់ឈ្វៀលចេញពីផ្ទៃដីរដ្ឋ និងអនុញ្ញាតឲ្យរដ្ឋបាលខេត្តព្រះវិហារ ចុះវាស់វែង និងចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ សម្រាប់សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផល រស់នៅដោយស្របច្បាប់។ ផ្ទៃដីដែលត្រូវកាត់ឈ្វៀលក្នុងទំហំ ៣៣៥ហិចតានោះ នៅតំបន់កូនភ្នំ ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅថ្ងៃទី២០កក្កដា២០២៣ បានអញ្ជើញដឹកនាំមន្ត្រីខេត្ត អាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងប្រកាសបើកយុទ្ធនាការចុះវាស់វែងកាត់ឈ្វៀលផ្ទៃដី លើទំហំសរុប ៣៣៥ហិកតា ដែលចែកចេញជាប្រភេទក្បាលដី សម្រាប់ចែកជូនប្រជាពលរដ្ឋ និងក្បាលដីបម្រុងរបស់រដ្ឋ ដែលក្នុងនោះដីបម្រុងរបស់រដ្ឋមានទំហំ ៨៥ហិកតា។ ពិធីនោះបានប្រព្រឹត្តទៅនៅក្នុងបរិវេណ សាលាក្រុងព្រះវិហារ ដោយមានអ្នកចូលរួម ប្រមាណជិត ៣០០នាក់។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ថា ដោយទទួលបាននូវការទទូចស្នើសុំពី ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កូនភ្នំ ឲ្យអាជ្ញាធរខេត្តជួយកាត់ឈ្វៀល វាស់វែង និងចេញប្លង់កម្មសិទ្ធិទៅលើដីធ្លី ដែលស្ថិតនៅក្នុងតំបន់ខាងលើ ជូនដល់ពួកគាត់បានសង់លំដ្ឋាន និងការបង្កបង្កើនផលដោយស្របច្បាប់។
លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោយទទួលបានការទទូចស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈ លោកអភិបាលខេត្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចអនុញ្ញាតឲ្យរដ្ឋបាលខេត្តព្រះវិហារ ចាត់ចែងក្រុមការងារ ដើម្បីវាស់វែងដីធ្លីនៅតំបន់កូនភ្នំនោះ ជូនដល់បងប្អូនប្រជាពលរដ្ឋទៅតាមសំណូមពរ។
ស្របពេលជាមួយគ្នានោះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការអបអរសាទរ ជាមួយប្រជាពលរដ្ឋ ដែលទទួលបានការយកចិត្តទុកដាក់ គិតគូរខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល ដើម្បីវាស់វែង និងផ្តល់ជូននូវប្លង់កម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដោយស្របច្បាប់។ លោកអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចុះកំណត់ព្រំដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការវាស់វែង និងត្រូវចេះអនុគ្រោះ អត់អោនឲ្យគ្នាទៅវិញទៅមក រវាងអ្នកមានព្រំដីជាប់គ្នា។
ប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដោយស្របច្បាប់ពី ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះវិហារ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសូមអរគុណជាពន្លឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អ បរិបូណ៌ និងជ័យជំនះគ្រប់ភារកិច្ច ជាពិសេសទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កុំបីខានឡើយ៕ ដោយ៖ឡុង សំបូរ