ខេត្តកែប៖ ក្នុងដំណាក់កាលជិតដល់ថ្ងៃបោះឆ្នោតឈានជិតមកដល់នេះ គេសង្កេតឃើញ សកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោត នៅខេត្តកែប បានប្រព្រឹត្តិទៅយ៉ាងរលូន គឺគ្មានបណ្តឹង ដោយតំណាងគណបក្សនយោបាយទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា ឆ្ពោះទៅតាមមូលដ្ឋាននានាក្នុងខេត្តកែប បានអនុវត្តស្របតាមកម្មវិធីឃោសនាដែលបានដាក់ជូនដោយ គ.ជ.ប ខេត្តកែប។
ដោយឡែកចំពោះសកម្មភាពឃោសនា របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គេឃើញវត្តមាន ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ទ បេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលខេត្តកែប និង ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកែប ដឹកនាំ សមាជិក សមាជិកាបក្សចំនួន១៣,៧១០នាក់ ក្នុងការហែរក្បួនបិទយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅទូទាំងខេត្តកែប ក្នុងស្ថានភាពសន្តិសុខ ល្អប្រសើរ។
សូមជម្រាបផងដែរថា តាមការលើកឡើងរបស់គណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប គឺក្នុងដំណាក់កាលឃោសនាស្វែងរកសំលេងឆ្នោតរបស់បណ្តាគណបក្សនយោបាយទាំងអស់ សម្រាប់ខេត្តកែបមិនមានបណ្តឹងណាមួយនោះទេ ដែលនេះបង្ហាញពីភាពចាស់ទុំ ការគោរពច្បាប់ និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ របស់សមាជិក សមាជិកា នៃបណ្តាគណបក្សនយោបាយទាំង១០ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។
នេះជាលទ្ធផលល្អប្រសើរមួយ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែបផ្ទាល់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាតំណាងបក្សនយោបាយផងដែរ ហើយលោកសំណូមពរអោយស្ថានភាពល្អដូចនេះបន្តរហូតដល់ថ្ងៃបោះឆ្នោត និងចេញលទ្ធផល។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨.១៩៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប៦៩ការិយាល័យ នៅទូទាំង៥ ឃុំសង្កាត់ ក្នុងខេត្តកែប មានគណបក្សនយោបាយចំនួន១០បានឈរឈ្មោះ ក្នុងនោះបក្សប្រជាជនឈរលើលេខរៀងទី១៨៕ សេង ណារិទ្ធ