រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែង ជានាយករដ្ឋមន្រ្ដីទៀតទេ ដែលនេះ គឺជាការចាំបាច់ខ្លាំងណាស់ក្នុងការរៀបចំ គណៈរដ្ឋមន្រ្ដីថ្មីមួយ ដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ ដឹកនាំរាជរដ្ឋាភិបាល។
សម្តេចតេជោ បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជាការបោះឆ្នោតបំបែកឯកទគ្គកម្ម ដែលមានអ្នកចូលរួមមកបោះឆ្នោតច្រើនជាងគេ ដែលចំនួន៨៤,៥៨ភាគរយ។ មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងត្រូវចុះចេញពីតំណែង និងត្រូវតែងតាំងជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្រោយដកខ្លួន សម្តេចនឹងមិនលូកដៃ ឬជ្រៀតជ្រែកក្នុងកិច្ចការនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ។ ប៉ុន្តែ សម្តេចនឹងបន្តតំណែងធ្វើជាអ្នកនយោបាយ ដោយធ្វើជាប្រធានគណបក្សកាន់អំណាច ប្រធានព្រឹទ្ធសភា និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕ s/b