វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីនិងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

0

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ប្រធាន អនុប្រធាននិងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធរួមមាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរផែនការខេត្ត .អភិបាល អភិបាលរងនៃគណៈអភិបាល ក្រុង ស្រុក និងជាសិក្ខាកាមតំណាងឲ្យរដ្ឋបាលឃុំ សង្កាត់ទាំងអស់មកពីទទូទាំងខេត្តបន្ទាយមានជ័យបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីនិងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ។

លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញទទួលអនុវត្តកម្មវិធីបានធ្វើរបាយការណ៍សង្ខេបនិងធ្វើបទបង្ហាញស្តីពីការអនុវត្តកម្មវិធីនិងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅក្នុងខេត្ត ដែលមានគោលបំណងលើកកម្ពស់សុខុមាលភាពមាតានិងទារកក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូននៅក្នុងផ្ទៃរហូតខល់អាយុ២ឆ្នាំនិងជម្រុញការលូតលាស់ទាំងកាយសម្បទារនិងបញ្ញាស្មារតី ។

ក្នុងនោះក៏បានបង្ហាញពីការចូលរួមរបស់មុខសញ្ញាដូចខាងលើក្នុងកម្មវិធីនេះ មានដូចជា លក្ខខណ្ឌនៃការចុះឈ្មោះ កម្រនឹងនៃការឧបត្ថម្ភ ការចុះឈ្មោះនិងការបើកផ្តល់លើកដំបូង ការចុះឈ្មោះចូលកម្មវិធីតាមខ្នងផ្ទះ ការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព និងការបើកផ្តល់ ការតាមដានការអនុវត្តកម្មវិធី ការដោះស្រាយបណ្តឹងតវ៉ារបស់អ្មកទទួលផល ការដោះស្រាយការប្រព្រឹត្តមិនត្រឹមត្រូវរបស់មន្ត្រី និងយន្តការគាំទ្រការអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តថ្លែងនូវអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គ្រួសារមានហារនិភ័យ និងកម្មវិធីគាំពារ សង្គមជាច្រើនទៀត តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធ ។
និងសូម ថ្លែងអំណរគុណ និងកោតសរសើរចំពោះអស់លោក លោកស្រីដែលបានខិតខំអនុវត្តនូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនាពេលកន្លងមកទទួលបានលទ្ធផលល្អ ។

សូមរំលឹកផងដែរថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៥ រួចមកហើយ ។

ដោយយល់ឃើញពីសារៈប្រយោជន៍នៃកម្មវិធីខាងលើ រួមជាមួយនឹងកត្តាលទ្ធភាព បានពីកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនកម្រិតឧបត្ថម្ភជូនកម្មករ និយោជិតជាស្ត្រី មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូន អាយុ២ឆ្នាំ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ អត្រានៃប្រាក់ឧបត្ថម្ភនេះនឹងកើនឡើង ទ្វេរដងថែមទៀត។
ពោលគឺ ដំណាក់កាលទី១មានចំនួន៤ដង ក្នុងមួយ ដងទទួលបាន ៨០ ០០០រៀល ដំណាក់កាលទី២ ពេលសម្រាលទទួលបាន ៤០០០០០រៀល សម្រាប់កូនទោល តែបើកូនភ្លោះនឹងបន្ថែម ២០០ ០០០រៀលក្នុង១នាក់ និងដំណាក់កាលក្រោយសម្រាលចំនួន១០ដង ទទួលបាន ៨០ ០០០រៀល សរុប ១៥២ ០០០រៀល៕ដោយ៖ឃិន គន្ធា