(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងលោកជំទាវ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រី អារីណា អាហ្វូនីណា ជនជាតិ អ៊ីស្រាអែល បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារសិក្សា និងកង់ ព្រមទាំងថវិកាមួយចំនួន ដល់សិស្សានុសិស្សមលោកគ្រូអ្នកគ្រូនៅក្នុងបឋមសិក្សា
កន្តុងរ៉ុង និងបឋមសិក្សាស្វាយរៀង ស្ថិតនៅក្នុងឃុំរុងរឿងស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខក្មួយៗសិស្សានុសិស្សលោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៅក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ មែ៉ន លី បានណែនាំដល់សិស្សានុសិស្សគ្រប់រូបត្រូវខិតខំសិក្សារៀនសូត្រទាំងនៅក្នុងសាលារៀន នៅផ្ទះ ដើម្បីអភិវឌ្ឍនខ្លួនឯងឱ្យមានសមត្ថភាពពេញលេញ និងមានអនាគតភ្លឺស្វាងជាពិសេសគឺជាសសរទ្រូងនៃប្រទេសជាតិ។
ជាមួយនេះផងដែរលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អាណាព្យាបាល និងមាតាបិតាសិស្សគ្រប់រូប ត្រូវចេះតាមដានការសិក្សារបស់កូនក៏ដូចជាជួយបង្ហាត់បង្រៀនណែនាំកូនៗឱ្យសិក្សានៅផ្ទះ នាំធ្វើកិច្ចការផ្ទះ ដើម្បីប្រសិទ្ធភាព និងគុណភាពសិក្សារបស់កូនជាពិសេសទទួលបាននូវចំណេះដឹងដែលគ្រូបានផ្ដល់ឱ្យយ៉ាងពិតប្រាកដ។
លើសពីនេះទៀតលោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានសំដែងនូវការអរគុណជាអនេកដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការឈ្លាសវៃក្នុងការដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យអប់រំឱ្យមានចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីយកមកប្រើប្រាស់ដើម្បីឱ្យជីវភាពគ្រួសារបានប្រសើរឡើង។
លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរជនទាំងអស់ដែលបានចំណាយសម្ភារៈ ថវិកា និងពេលវេលា ក្នុងការមកប្រគល់ជូនដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាស្វាយរៀង និងសាលាបឋមសិក្សាកន្តុងរ៉ុង ស្ថិតនៅក្នុងឃុំរុងរឿងនៅក្នុងឱកាសនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះគណធិបតីក៏បានចែកជូននូវសម្ភារៈសិក្សា កាបូប ព្រមទាំងថវិកាចំនួន ២០.០០០រៀល ដល់សិស្សានុសិស្សចំនួន២៤០នាក់។សិស្សចំនួន១៧នាក់ ក៏បានទទួលនូវកង់១នាក់កង់១បន្ថែម។ សម្រាប់លោកគ្រូអ្នកគ្រូចំនួន១០នាក់ទទួលបាននូវថវិកាម្នាក់ៗចំនួន១០០.០០០រៀល ដែលជាអំណោយរបស់លោក ម៉ៅ ចំណាន និងឧត្តមសេនីយ៍ទោ ម៉ែន លី និងលោកជំទាវ និងលោកស្រី អារីណា អាហ្វូនីណាផងដែរ។