ខេត្តព្រះវិហារ៖ វិទ្យុផ្សាយសម្លេងរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យុផ្សាយសម្លេងខេត្តសុរិន ថៃ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ នៅក្នុងការផលិត និងការផ្សព្វផ្សាយព័ត៌មាន ឲ្យកាន់តែមានមានភាពទូលំទូលាយ និងមានប្រសិទ្ធភាពជាងនេះថែមទៀត ។
កិច្ចពិភាក្សានោះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៩កក្កដា២០២៣ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ កម្ពុជា ក្រោមគម្រោងកម្មវិធីវិទ្យុមិត្តភាព កម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ឌុសិទ ស៊ឹងគីរី ប្រធានការិយាល័យផ្សព្វផ្សាយតំបន់ភូមិភាគ២ នៃព្រះរាជាណាចក្រថៃឡង់ ដោយមានការចូលរួមពី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ កម្ពុជា លោកស្រី ហែម សុគុណពិសី ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងប្រធាន អនុប្រធានការិយាល័យ និងបុគ្គលិក នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កម្ពុជា ។
ចំណែក ភាគីថៃ ដឹកនាំដោយ លោក ឌុសិទ ស៊ឹងគីរី ប្រធានការិយាល័យផ្សព្វផ្សាយ តំបន់ភូមិភាគ២ ព្រមទាំងគណៈប្រតិភូអមដំណើរ ជាច្រើនរូបទៀត ផងដែរ។
អភិបាលរងខេត្តព្រះវិហារ កម្ពុជា លោក មិន ស៊ីថា បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះវត្តមាន លោក ឌុសិទ ស៊ឹងគីរី ប្រធានការិយាល័យផ្សព្វផ្សាយ តំបន់ភូមិភាគ២ ថៃ និងគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចពិភាក្សារួមគ្នានាពេលនេះ។
លោក មិន ស៊ីថា បានថ្លែងថា កិច្ចពិភាក្សានេះ បានបង្ហាញឲ្យឃើញពីការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ ដែលបានដំណើរការផ្សព្វផ្សាយព័ត៌មានជាច្រើន និងបានផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ប្រកបដោយសាមគ្គីភាពល្អ បង្កលក្ខណៈក្នុងនាមជាប្រទេសជាប់របងគ្នា រស់នៅដោយមានសន្តិភាព និងការអភិវឌ្ឍន៍រួមគ្នា។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ កម្ពុជា លោកស្រី ហែម សុគុណពីសី បានថ្លែងថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិនិត្យ និងកែសម្រួលទៅលើប្រព័ន្ធបច្ចេកទេស និងការផលិតកម្មវិធី វិទ្យុមិត្តភាពកម្ពុជា-ថៃ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោកស្រីប្រធានបន្តថា មន្ទីរព័ត៌មានខេត្តព្រះវិហារ ក្រោមការសម្របសម្រួលរបស់ ក្រសួងព័ត៌មានកម្ពុជា បានសហការជាមួយភាគីប្រទេសថៃ បង្កើនកិច្ចសហប្រតិបត្តិការផ្សាយវិទ្យុ មិត្តភាពកម្ពុជា-ថៃ (Twin Radio ព្រះវិហារ-សុរិន្ទ) ដើម្បីចែករំលែកព័ត៌មានផ្សព្វផ្សាយ នូវសកម្មភាពរួមគ្នា ទាក់ទងទៅនឹងជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៃខេត្តទាំង២ ការផ្លាស់ប្តូចំណេះដឹងផ្នែកភាសា ប្រពៃណី ទំនៀមទម្លាប់ និងការផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗ ព្រឹត្តិការណ៍ SEA Games និង ASEAN Para Game នៅកម្ពុជា ស្ថានភាពកូវីដ-១៩ និងស្ថានភាពទូទៅនៅក្នុងខេត្តជាដើម។
លោកស្រី ហែម សុគុណពីសី បានថ្លែងទៀតថា វឌ្ឍនភាពការងារដែលសម្រេចបានចាប់តាំងពីឆ្នាំ២០២០ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការផ្សាយវិទ្យុមិត្តភាពកម្ពុជា-ថៃ សម្រេចបាន ៤១លើក ក្នុងនោះមាន ៣លើក រអាក់រអួលបញ្ហាបច្ចេកទេស ក្នុងការអនុវត្តកម្មវិធី។ លោកស្រីបន្តថា ភាគីទាំងពីរធ្លាប់បានប្រជុំដកស្រង់បទពិសោធន៍ បច្ចេកទេស ជាលក្ខណៈទ្វេភាគីបាន៤លើក ផងដែរ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានពិភាក្សារកដំណោះស្រាយ និងសម្របសម្រួលលើបញ្ហាមួយចំនួន ដើម្បីសម្រួល និងជំរុញ ដល់ការងារផ្សព្វផ្សាយព័ត៌មាន តាមវិទ្យុមិត្តភាពកម្ពុជា-ថៃ (Twin Radio ព្រះវិហារ-សុរិន្ទ) ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕ដោយ៖ឡុង សំបូរ