ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប និងលោកស្រីជាភរិយា បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្ដសុវណ្ណគីរី (ហៅវត្ដឆែប) ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននោះផងទៀត ក៏មានការនិមន្ត និងចូលរួមពី ព្រះគ្រូចៅអធិកាវត្ត ព្រះសង្ឃដែលគង់ចាំត្រីមាសក្នុងពុទ្ធសីមា និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត តាជី យាយជី ជាច្រើនអង្គ/នាក់ ផងដែរ។
ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដែលត្រូវប្រគេនថ្វាយព្រះសង្ឃ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នោះ រួមមាន៖ ទៀនព្រះវស្សា ១គូ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ មី ៥កេស ត្រីខកំប៉ុង ១កេសធំ អំបិល ១០គីឡូក្រាម ខ្ទឹមសរ ១០គីឡូក្រាម ប៊ីចេង ៥គីឡូក្រាម អង្ករ ១២០គីឡូក្រាម ប្រេងម៉ាស៊ូត ៣០លីត្រ ដែលបានចំណាយថវិកាអស់ចំនួន ១លាន ៨សែន ២០ម៉ឺនរៀល និងប្រគេនបច្ច័យទុកសម្រាប់កសាង ចំនួន ៣លាន ៤សែន ៦ម៉ឺន ៥ពាន់រៀល ទាំងថវិកាចំណាយ និងបច្ច័យកសាង សរុបចំនួន ៥លាន ២សែន ៨ម៉ឺន ៥ពាន់រៀល។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងថា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលបាននាំយកមកប្រគេនថ្វាយព្រះសង្ឃក្នុងពេលនេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លារបស់ក្រុមការងារគ្រប់ៗរូប ដើម្បីចូលរួមទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាជាទីសក្ការៈ ឲ្យកាន់ល្អប្រសើរថែមទៀត។
លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងទៀតថា ប្រសិនបើគ្មានថ្ងៃ ៧មករា នោះទេ ក៏ប្រហែលជាគ្មានព្រះវត្តមានព្រះសង្ឃគ្រប់ព្រះអង្គ និងវត្តអារាមនោះដែរ ហើយលោកបានសម្តែងការអរគុណព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តព្រះវិហារ ពិសេសនៅក្នុងស្រុកឆែបនេះ ដែលជាម្ចាស់សន្លឹកឆ្នោត ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យបក្សប្រជាជន ទទួលបានជ័យជំនះលើការបោះឆ្នោត ក្រោមការរៀបចំរបស់ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត ពិសេសដោយមានការរៀបចំច្បាស់លាស់ពី រាជរដ្ឋាភិបាល សម្រាប់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅជូនប្រជាពលរដ្ឋ ក្នុងការទៅចូលរួមបោះឆ្នោត ជូនគណបក្សនយោបាយនានា កន្លងទៅនេះ។
លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានបញ្ជាក់ថា ការឈ្នះលើការបោះឆ្នោត១០០ភាគរយរបស់ គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្ត និងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពទ្វេដងថែមទៀត ហើយធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ និងលោកក្នុងនាមក្រុមការងារទាំងអស់ ក៏បានប្តេជ្ញាចិត្ត ដាក់ចិត្តដាក់កាយបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ឲ្យអស់ពីកម្លាំងកាយចិត្ត ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕ដោយ៖ឡុង សំបូរ