ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ណែនាំដល់មន្ត្រីក្នុងអង្គភាព បន្តចែករំលែកនូវជំនាញ និងចំណេះដឹង អោយគ្នាទៅវិញទៅមក

0

(កំពង់ធំ)៖ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ណែនាំដល់មន្ត្រីរាជការគ្រប់រូបក្នុងអង្គភាព ត្រូវបន្តចែករំលែកនូវជំនាញ បទពិសោធន៍ការងារ និងចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក។

លោកជំទាវលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តនៃខែបន្ទាប់របស់មន្ទីរព័ត៌មានខេត្ត រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

លោកជំទាវ ង៉ែត ណារីន មានប្រសាសន៍ថា មន្ត្រីត្រូវបន្តខិតខំសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗ អភិវឌ្ឍនូវសមត្ថភាពខ្លួន ជាពិសេសមន្ត្រីវ័យក្មេងត្រូវរៀនសូត្រពីមន្ត្រីវ័យចាស់ ព្រោះពួកគាត់មានសមត្ថភាពបទពិសោធន៍ការងារច្រើន ដើម្បីអោយការអនុវត្តការងារ កាន់តែទទួលបានលទ្ធផលល្អប្រសើរ បម្រើអោយអង្គភាពកាន់តែមានភាពរីកចម្រើន។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំការិយាល័យនិមួយៗ និងមន្ត្រីគ្រប់រូបដែលបានខិតខំបំពេញតួនាទី ភារកិច្ច ទទួលបាននូវលទ្ធផលនៃសកម្មភាពការងារ មានភាពល្អប្រសើរជាបន្តបន្ទាប់។

លោកជំទាវ ជំរុញដល់មន្ត្រីគ្រប់រូបត្រូវពង្រឹងនូវតួនាទីការងាររបស់ខ្លួន ត្រូវរួមសហការគ្នា ពន្លឿននូវរាល់ការចេញផ្សាយព័ត៌មានអោយបានរហ័សនិងត្រឹមត្រូវ ដើម្បីអោយប្រជាពលរដ្ឋ បានទទួលជ្រាបសភាពការណ៍ ក៏ដូចជាសមិទ្ធផលថ្មីៗដែលកើតមាននៅក្នុងខេត្ត រួមទាំងព័ត៌មានជាតិនិងអន្តរជាតិផងដែរ។