(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានសហការជាមួយគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញបំពាក់កន្សែងជូនយុវជន នៅវិទ្យាល័យហ៊ុន សែន ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខយុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូក្នុងឱកាសនេះលោ សាយ គឹមឡម បានណែនាំដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីអនាគតត្រចះត្រចង់និងមានវិជ្ជាជីវៈពិតប្រាកដ ហើយវិលត្រឡប់មកជួយអភិវឌ្ឍមូលដ្ឋានភូមិ/ឃុំកំណើតរបស់ខ្លួនឱ្យបាន និងមានការរីកចម្រើនថែមទៀត។
ជាមួយនេះផងដែរលោក សាយ គឹមឡម បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលត្រូវបានបំពាក់កន្សែងនៅពេលនេះត្រូវខិតខំអនុវត្តតួនាទី/ភារកិច្ចរបស់ខ្លួនជាយុវជនកាកបាទក្រហមកម្ពុជាទៅតាមគោលនយោបាយ ហើយត្រូវធ្វើជាមនុស្សគំរូនៅក្នុងមូលដ្ឋាន។ ជាសិស្សគំរូនៅក្នុងសាលាជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន អបាយមុខផ្សេងៗ និងចូលរួមឱ្យបានយ៉ាងសកម្មជាមួយនឹងកិច្ចការមនុស្សធម៌នៅក្នុងមូលដ្ឋាន។ មានការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសគឺការចូលរួមគ្រប់សកម្មភាពទាំងឡាយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកគ្រប់លំដាប់ថ្នាក់។
លោកអភិបាលស្រុកស្ទោង បានបញ្ជាក់បន្ថែមថា ការសិក្សាឱ្យបានស៊ីជម្រៅទៅតាមបរិបទសម័យឌីជីថលគឺអ្នកសិក្សាត្រូវខិតខំសិក្សាបន្ថែមទៀតផ្នែកព័ត៌មានវិទ្យាភាសាអង់គ្លេស ឱ្យបានច្បាស់លាស់ ដែលជាយានមួយ សម្រាប់ដំណើរការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យប្រកបដោយជោគជ័យ ការយកទៅប្រើប្រាស់នៅក្នុងស្ថាប័ន អង្គភាព និងវិជ្ជាជីវៈនានា ប្រកបដោយគុណភាពប្រសិទ្ធភាពនិងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថាការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជានៅក្នុងឱកាសនេះមានចំនួន៦៣នាក់ ស្រី៤៥នាក់ ក្នុងនោះថ្នាក់ទី៩មានចំនួន១៩នាក់ ស្រី១៤នាក់ ថ្នាក់ទី១០មានចំនួន៣២នាក់ស្រី២៦នាក់ និងសិស្សានុសិស្សដែលអញ្ជើញមកពីថ្នាក់ទី១១មានចំនួន១៣នាកើ ស្រី០៥នាក់ផងដែរ។