(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតិទទួលជួបជាមួយក្រុមហ៊ុនវិនិយោគចិន ដឹកនាំដោយឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ លើដំណាំដំឡូងមី ពោត បង្កាត់ពូជស្មៅចំណីសត្វ ដែលត្រូវការផ្ទៃដីកសិកម្មជាច្រើនហិចតា ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការពិភាក្សាការងារថ្ងៃនេះ ជាលើកទី០២ហើយ ដែលក្រុមហ៊ុនវិនិយោគចិន បានបញ្ចប់ដំណើរការនៃការសិក្សាស្រាវជ្រាវអំពីផែនការវិនិយោគនៅក្នុងខេត្តកំពង់ធំ សម្រេចចិត្តមកជួបពិភាក្សាការងារវិនិយោគជាថ្មីម្ដងទៀត ជាមួយរដ្ឋបាលខេត្តកំពង់ធំ។ ដំណឹងដ៏រីករាយនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អបអរសាទរ និងគាំទ្រចំពោះការមកសិក្សាវិនិយោគលើវិស័យកសិកម្ម នាឱកាសនេះ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា ខេត្តកំពង់ធំ ជាខេត្តមួយដែលមានផ្ទៃដីរាបស្មើ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដំណាំកសិកម្ម ព្រមទាំងជាខេត្តដែលតែងតែពឹងផ្អែកលើវិស័យកសិកម្ម ច្រើនជាងវិស័យផ្សេងៗ ដែលជាកត្តាអំណោយផលដល់ក្រុមហ៊ុនវិនិយោគចិន ។
ឯកឧត្តម ងួន រតនៈ មានសង្ឃឹមជឿជាក់ថា ជំនួបពិភាក្សាគ្នាថ្ងៃនេះ នឹងចេញផ្លែផ្កាទទួលបានជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះ ជាពិសេសបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ទទួលបានប្រាក់ចំណូលសមរម្យ កាត់បន្ថយការចំណាកស្រុក និងជួយជំរុញចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឱ្យកាន់តែប្រសើរឡើង ហើយក្នុងនាមអាជ្ញាធរខេត្ត រងចាំសហការរាល់កិច្ចការជាមួយក្រុមហ៊ុនជានិច្ច។
តំណាងក្រុមហ៊ុនវិនិយោគចិន ថ្លែងថា ក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មរបស់ចិន ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាលចិន ជាប្រភេទក្រុមហ៊ុនមានសមត្ថភាពខ្ពស់ក្នុងការផលិត។ តំណាងក្រុមហ៊ុនវិនិយោគចិន បានបន្តទៀតថា តាមការស្រាវជ្រាវបានឱ្យដឹងថា ខេត្តកំពង់ធំគឺជាខេត្តមួយសំបូរទៅដោយធនធានកសិកម្ម។ ក្នុងនោះគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា មានរស់ជាតិឆ្ងាញ់ជាងគេទូទាំងពិភពលោក និងមានគុណភាពខ្ពស់ថែមទៀតផង ហើយក្រុមវិនិយោគចិន សន្យានឹងខិតខំប្រឹងប្រែងពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឱ្យបានទូលំទូលាយ ជាពិសេសលើទីផ្សារអឺរ៉ុប និងអារ៉ាប់ ដើម្បីឱ្យប្រជាជនតាមបណ្ដាប្រទេសជាច្រើន មានឱកាសបានទទួលទានស្វាយចន្ទីរបស់ប្រទេសកម្ពុជា