កំពង់ធំ)÷នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យ និងដោយមានការចូលរួមការសហការពីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របី ជូនប្រជាកសិករ នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរាយការណ៍ពីសកម្មភាពមួយចំនួនដែលបានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី បានជំរុញដល់ប្រជាកសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង ការណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះផងដែរលោក ប៉ែន វណ្ណរិទ្ធ បានសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីជំងឺមួយចំនួនដែលកំពុងតែរីករាលដាលជាច្រើននៅក្នុងសហគមន៍។ ពិសេសត្រូវតែយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រង់ជាប្រចាំ ឱ្យទឹកនិងស្មៅស៊ីគ្រប់គ្រាន់ ប្រសិនសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ កុំឱ្យជំងឺនោះរីករាលដាលទៅសត្វដទៃទៀត។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបង្ហាញពីជាលទ្ធផលក្រុមការងារសម្រេចបាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺដល់គោសរុបចំនួន២០០ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំងសាទឹក៤.០០០កម្រិត អុតក្តាម៤.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនប្រជាកសិករក្នុងមូលដ្ឋានរបស់គាត់ ដើម្បីកុំឱ្យមានជំងឺឆ្លងទៅសត្វដទៃទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារក៍បានបន្តចុះពិនិត្យវាយតម្លៃទីតាំងស្នើសុំបង្កើតកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតខ្មាតមធ្យម របស់លោកស្រី លី គីមហ៊ាង នៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។