ទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី២៩លើពិភពលោក និងលើកទី១៩នៅប្រទេសកម្ពុជា ក្រោមប្រធានបទ(យុវជនជាជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរដើម្បីសិទ្ធិស្វ័យសម្រេច

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោក មាស យៅ មេឃុំផាន់ញើម និងក្រុមការងាររបស់រដ្ឋបាលឃុំ ព្រមទាំងយុវជនដែលជាជនជាតិដើមភាគតិចខេត្តព្រះវិហារ និងខេត្តកំពង់ធំ បងប្អូនប្រជាពលរដ្ឋប្រមាណជាង២៥០នាក់ បានអញ្ជើញចូលរួមទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី២៩ លើពិភពលោក និងលើកទី១៩ នៅប្រទេសកម្ពុជា ក្រោមប្រធានបទ(យុវជនជាជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរដើម្បីសិទ្ធិស្វ័យសម្រេច) ដើម្បីធ្វើការអ្វីមួយក្នុងសហគមន៍ ក្នុងបរិវេណវត្តពុទ្ធមង្គលារាមដូនល្អ ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក អ៊ាន អាន តំណាងជនជាតិដើមភាគតិចភូមិស្មោញ បានលើកឡើង ដោយយោងតាមអង្គការសហប្រជាជាតិ មានជនជាតិដើមភាគតិចជាង ៤៧៦លាននាក់រស់នៅ៩០ប្រទេស ស្មើនឹង៦២ភាគរយ នៃប្រជាជនសរុបទូទាំងពិភពលោក។ យោងលទ្ធផលជំរឿនចន្លោះអង្កេតឆ្នាំ២០១៣ ជនជាតិដើមភាគតិចមានចំនួន ១៨៣,៨៣១នាក់ ស្មើនឹងប្រមាណជា២៤ក្រុម អំបូរដែល មានរស់នៅក្នុងខេត្តប្រមាណជា១៥ខេត្ត/ក្រុង។ ពួកយើងមានទំនាក់ទំនងជិតស្និទ និងពឹងអាស្រ័យលើធនធានធម្មជាតិ ទឹកដី និងព្រៃឈើ និងមានជំនឿយ៉ាងមុតមាំទៅលើទឹកដី ព្រៃ ភ្នំក្រំថ្ម បឹងបួរ ស្ទឹង ទន្ល ជ្រោះ។ ដោយឡែកនៅកម្ពុជាស្ថានភាពរស់នៅរបស់ជនជាតិដើមភាគតិចយើងគឺមានលក្ខណៈដូច គ្នាក្នុងការប្រកបរបរចិញ្ចឹមជីវិតូដូចជាធ្វើស្រែ ចម្ការ ចម្ការវិលជុំ ចិញ្ចឹមសត្វ បរបាញ់សត្វ (នេសាទ និង អាស្រ័យផលលើការប្រមូលផល និងអនុផលព្រៃឈើដូចជាដងជ័រ បោចវល្លិ៍ រកឃ្មុំជាដើម។

លោក មាស យៅ មេឃុំផាន់ញើម បានមានប្រសាសន៍ថា តាមសេចក្ដីសម្រេចលេខ ៤៩/២១៤ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩៤ មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេច ឱ្យមានទិវាអន្តរជាតិនៃជនជាតិដើមភាគតិចពិភពលោក នៅ ថ្ងៃទី៩ ខែសីហា ជារៀងរាល់ឆ្នាំ។ សេចក្តីសម្រេចនេះស្របតាមទសវត្សរ៍អន្តរជាតិស្តីពីជនជាតិដើមភាគតិចពិភពលោក និងបានកំណត់យក ថ្ងៃនេះជាការរំលឹកដល់ការជួបគ្នាដំបូងនៃក្រុមការងារអង្គការសហប្រជាជាតិស្ដីពី ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅឆ្នាំ១៩៨២ នៅទីក្រុងសឺណែវ ប្រទេសស្វីស។
ក្រោយពីបញ្ចប់ ទសវត្សរ៍អន្តរជាតិស្តីពីជនជាតិដើមភាគតិចពិភពលោក លើកទី១ (១៩៩៥-២០០៤) មហាសន្និបាត បានប្រកាសក្នុងសេចក្តីសម្រេចលេខ ១៧៤ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៤ ឱ្យមានទសវត្សរ៍អន្តរជាតិស្តីពីជន ជាតិដើមភាគតិចពិភពលោកលើកទី២ (២០០៥-២០១៥) ដែលមានគោលដៅដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដំណោះស្រាយបញ្ហានានា ដែលប្រឈមចំពោះជនជាតិដើម ភាគតិច ក្នុងវិស័យមួយចំនួនដូចជា វប្បធម៌ ការអប់រំ សុខភាព សិទ្ធិមនុស្ស បរិស្ថាន និង អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

លោកមេឃុំផាន់ញើម ក៏បានបន្តទៀតថាក្រោយពីការតស៊ូ និងលះបង់អស់រយៈពេល២៥ឆ្នាំមក មហាសន្និបាតអង្គការសប្រជា ជាតិលើកទី៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ បានបោះឆ្នោតអនុម័តគាំទ្រសេចក្ដីប្រកាសរបស់ អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមភាគតិច ដែលមានមានប្រទេស ១៤៣ រួមទាំងកម្ពុជា បាន បោះឆ្នោតគាំទ្រ ហើយប្រទេស៤ផ្សេងទៀតបានបោះឆ្នោតជំទាស់ក្នុងនោះមាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងញូស៊ីឡែន។

លោក មាស យៅ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់សូមរក្សានូវប្រពៃណីទំនៀមទម្លាប់ ដែលជាវប្បធម៌ពីដូនតាដើម្បីរក្សានៅប្រពៃណីសាសនារបស់ខ្លួនឱ្យបានយូរអង្វែង ទុកឱ្យក្មេងជំនាន់ក្រោយជាអ្នកបន្តវេន។ យុវជនជនជាតិដើមភាគតិចគឺជាអ្នកបន្តវេន ក្នុងការដឹកនាំ និងគ្រប់គ្រងសិទ្ធិលើដីធ្លី និងធនធានធម្មជាតិនៅក្នុងសហគមន៍របស់ខ្លួនប្រកបដោយនិរន្តរភាព។