ខេត្តកំពង់ធំ៖ ក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ រស់នៅក្នុងក្រុងស្ទឹងសែន បានទទួលប្រាក់បេឡាមរណសង្គ្រោះ៤លានរៀល ពីឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន និងបាននាំយក អំណោយស្បៀងអាហារឧបត្ថម្ភជូនគ្រួសារសព ដែលជាអំណោយរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសព មាន អង្ករ៥០គីឡូក្រាម មីជាតិច២កេស ទឹក ត្រី ទឹក ស៊ីអ៊ីវពីរ យួរ និង ត្រីខកំប៉ុង២យួរ ផងដែរ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។
លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ឲ្យដឹងថា លោកព្រិន្ទបាលឯក សោម ផាត ជាអ្នកបើកបររថយន្តដឹកស្បៀងអាហារ និងគ្រឿងបរិក្ខាកងទ័ព ដឹកជញ្ជូនកងទ័ពនៅសមរភូមិ បច្ចុប្បន្នអាយុ៧៥ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៨៣ នៅអង្គភាពយោធា ខេត្តកំពង់ធំ នៅឆ្នាំ២០០០ បានចូលនិវត្តន៍ និងបានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋាន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែង នូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក ជូនដល់បងប្អូនអតីតយុទ្ធជន មានដូចជា ការសម្រួល បើកប្រាក់ បៀវត្សរ៍ ប្រចាំខែ មួយខែ២ដង ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូន និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ នៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព គ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព ចំណែកសកម្មភាពនេះ និងគង់នៅរក្សាសុពលភាពនេះជារៀងរហូត ក្រោមការដឹកនាំបន្តដោយ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ដើម្បីឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។