ប្រកាសទទួលស្គាល់ខេត្តកែបជាខេត្តទី៦ បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

0

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ខេត្តកែបជាខេត្តទី៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះដែរមានប្រតិភូអមដំណើរ ភាគីពាក់ព័ន្ធ និងយុវជន ចូលរួមប្រមាណជាង៤០០នាក់ផ្សេងទៀត។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបថ្លែងថា ថ្ងៃនេះខេត្តកែបប្រកាសទទួលស្គាល់ជាខេត្តបញ្ចប់បានទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល ការសម្រេចបាននេះ មានន័យថាគ្រប់ខ្នងផ្ទះទាំងអស់របស់ពលរដ្ឋ មានបង្គន់អនាម័យផ្ទាល់ខ្លួន ឬមានបង្គន់អនាម័យរួមគ្នាប្រើប្រាស់។ លទ្ធផលនេះបានបញ្ជាក់ពីផលវិជ្ជមានច្រើន សម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសវិស័យទេសចរណ៍របស់ខេត្តកែបទាំងមូល ដែលកន្លងទៅខេត្តត្រូវបាន គេប្រសិទ្ធនាមជា តារារះនាទិសនិរតី ជាខេត្តដែលតែងតែទទួលបាននូវជ័យលាភីថ្នាក់ជាតិ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់នូវទស្សនៈវិស័យ និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយបានកំណត់ថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្តត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព” ដែលទស្សនៈវិស័យនេះ មានភាពស៊ីគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ។

ឯកឧត្តមបន្តថា ថ្ងៃនេះយើងពិតជាមានមោទនៈភាព ដែលបានប្រកាសទទួលស្គាល់ ខេត្តកែបជាខេត្តទី៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ លទ្ធផលដែលទទួលបាននាពេលនេះ ប្រាកដណាស់បានឆ្លុះបញ្ចាំងពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់ខេត្តទាំងមូល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍន៍នានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

គួបញ្ជាក់ថា បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យបានកើនដល់ជាង ៨០% ដោយឡែកចំពោះការសម្រេចបាន ODF គិតត្រឹមត្រីមាសទី១ឆ្នាំ ២០២៣ មានភូមិចំនួន ៧,០៥៩ ឃុំចំនួន ៥៤៥ ស្រុកចំនួន ៤៦ និងខេត្ត ODF ចំនួន៦ហើយ រួមទាំងខេត្តកែប ដែលសម្រេចបានជាខេត្ត ODF។ ហើយក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយបានកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅត្រឹមឆ្នាំ២០២៣៕ សេង ណារិទ្ធ