បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថត្រូវអនុវត្តនូវតួនាទី និងភារកិច្ច របស់កងរាជអាវុធហត្ថ ដែលអនុវត្ត តាមឋានានុក្រម វិន័យ នៃកងយោធពលខេមរភូមិន្ទ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ក៏ដូចជាបែបបទរដ្ឋបាល ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេសមានប្រសាសន៍ដូច្នេះកាលពី នាព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធ អគាររដ្ឋបាល និងសមទ្ធិផលនានារបស់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត តម្លៃជាង៥៧ ម៉ឺនដុល្លារ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ពិធីនេះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ព្រមទាំងប្រតិភូអមដំណើរ មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរមានសមត្ថកិច្ច សប្បុរសជន និងភ្ញៀវជាតិ ភ្ញៀវបរទេស ជាច្រើនផងដែរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖ ការសាងសង់អគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត គឺជាគំនិតផ្តួចផ្តេីមរបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជហត្ថខេត្តបន្ទាយមានជ័យ ដោយបានចាក់ដីបំពេញបន្ថែម ធ្វើរបងព័ទ្ធជុំវិញ និងធ្វើការសាងសង់ អគារធ្វើការងារ អគារស្នាក់នៅថ្មី រួមនឹងសមិទ្ធផលនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារកងរាជអាវុធហត្ថ ងាយស្រួល ក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ និងរក្សា សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា៖ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមមាន អគារស្នាក់នៅមាន ទំហំ ៨៤៤ ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២,៣ ម៉ែត្រ) មានកម្ពស់ ៣ ជាន់។ អគាររដ្ឋបាល មានបណ្ដោយ ១៧,៧៥ ម៉ែត្រ ទទឹង ២២,៣០ ម៉ែត្រ មានបន្ទប់ធ្វើការ ចំនួន ៦បន្ទប់ បន្ទប់ទឹក ៦ បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន ១បន្ទប់ និងឃ្លាំងសម្ភារៈ ចំនួន ១ បន្ទប់ ។ អគារប្រចាំការ មានបណ្តោយ ៤,៨ ម៉ែត្រ ទទឹង១២,៣ ម៉ែត្រ រួមនឹងសមិទ្ធផលនានា ថវិកាចំណាយសរុប ក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ ចំនួន ៥៧៤.៩១៤ ដុល្លារអាមេរិក ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសសន៍ថាៈ ក្នុងនាមរដ្ឋបាលខេត្ត និងលោកអភិបាលខេត្តលោកសូមកោតសរសើរ អបអរសាទរ និងជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលអាវុធហត្ថទាំងអស់ នៅទូទាំងប្រទេស និយាយរួម និងនិយាយដោយឡែក អាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ដែលសម្រេចបាននូវជោគជ័យ លើការងារថែក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសង្គមនិងប្រជាពលរដ្ឋ ក៏ដូចជា ជូនអ្នកវិនិយោគ ភ្ញៀវទេសចរជាតិអន្តរជាតិ និងជាពិសេស ការខិតខំកៀងគរ សម្ភារ ថវិកា និងគំនិតប្រាជ្ញា យកមកកសាង អគាររដ្ឋបាល និងសមិទ្ធផលនានា ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងនូវការកោតសរសេីរ ដល់កងរាអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសេីរ ជាពិសេសការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលបោះឆ្នោតជ្រេីស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរ គុណដល់អាជ្ញាធរខេត្ត ក្រុង–ស្រុក សប្បុរសជន ដែលចូលរួមចំណែកធនធានជាមួយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំជំរុញដល់គ្រប់ អង្គភាពកងរាជអាវុធហត្ថ នូវកត្តាសំខាន់ៗ ដែលអាវុធហត្ថ ត្រូវយកចិត្តទុកដាក់មាន ៣ រួមមាន ១–ធនធានមនុស្ស អង្គភាពត្រូវមានធនធានមនុស្ស ប្រកបដោយសមត្ថភាព ដេីម្បីបម្រើជាតិមាតុភូមិ ប្រកបដោយឆន្ទៈ មនសិកា, ២–គ្រឿងជម្រក ដេីម្បីរស់នៅ រៀនសូត្រ និងកន្លែងធ្វេីការសមរម្យ ននិងទី៣–ការចិញ្ចឹម ថែរក្សា សុខមាភាពអាវុធ ហត្ថក្រោមឱវាទ និងបន្តយកចិត្តទុក្ខដាក់ លេីជីវភាពរស់នៅរបស់យោធិនចូលនិវត្តន៍។
ឯកឧត្ដម នាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំណាល និងផ្ដល់ថវិកាជូនដល់អតីតយោធិនចូលនិវត្តន៍ពិការ និងគ្រួសារពលី មរណៈ ចំនួន ៦៦ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២០ ម៉ឺនរៀលផងដែរ។ដោយ៖ឃិន គន្ធា