លោក សាយ គឹមឡម  បានណែនាំដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សត្រូវខិតខំថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ជាតិឱ្យបានគង់វង្ស

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេករូបសំណាក សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងរូបសំណាកព្រះភិរម្យភាសាអ៊ូ(ហៅង៉ុយ) នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

លោក សាយ គឹមឡម បានបញ្ជាក់បថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួនណាត និងព្រះភិរម្យភាសាអ៊ូ បានលះបង់កាយពលមួយជីវិតរបស់លោកទាំងពីរ ដើម្បីអក្សរសាស្ត្រជាតិ វប្បធម៌ជាតិ ជាពិសេសគឺជាស្ថាបនិកនៃសៀវភៅវចនានុក្រមខ្មែរដែលបានដាក់ឱ្យប្រើប្រាស់ និងយកជាគោលក្នុងការប្រើភាសាជាតិជាទូទៅនៅក្នុងប្រទេសជាតិកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង ក៏បានរំលឹកបន្ថែមដល់សិស្សានុសិស្ស ក៏ដូចជាអ្នកសិក្សាគ្រប់រូប ត្រូវសិក្សារៀនសូត្រ និងប្រើប្រាស់អក្សរសាស្ត្រ ភាសាជាតិ ដែលជាគេមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរឱ្យបានត្រឹមត្រូវដើម្បីលើកតម្កើងគុណតម្លៃនៃអក្សរសាស្ត្រក៏ដូចជាវប្បធម៌ជាតិយើងឱ្យបានរុងរឿងផងដែរ។

លើសពីនេះលោក សាយ គឹមឡម ក៏បានណែនាំដល់សិស្សានុសិស្ស និងអ្នកសិក្សារៀនសូត្រ ត្រូវខិតខំសិក្សារៀនសូត្រដើម្បីឱ្យមានចំណេះដឹងពិតប្រាកដ ជាសិស្សពូកែ សិស្សល្អ មិត្តល្អ ជាកូនល្អ ជាទំពាំងស្នងឬស្សីជា អ្នកស្នងវាសនាគតប្រទេសជាតិ ហើយត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងនាំគ្នាចូលរួមអភិវឌ្ឍសង្គមជាតិ មានការរីកចម្រើនលើកគ្រប់វិស័យ។

ជាចុងក្រោយលោក សាយ គឹមឡម អភិបាលស្រុក ស្ទោង បានផ្ដាំផ្ញើឱ្យលោកគ្រូ អ្នកគ្រូ  និងអាណាព្យាបាល ត្រូវពង្រឹងវិន័យសីលធម៌ដល់ក្មួយៗសិស្សានុសិស្ស តាមដានការសិក្សារបស់កូនចៅរបស់ខ្លួន ទាំងនៅសាលារៀន និងនៅគេហដ្ឋាន ឱ្យកុំប្រព្រឹត្តនៅល្បែងអបាយមុខនានា ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ ខាតបង់ពេលវេលា អស់ទាំងទ្រព្យសម្បត្តិឪពុកម្ដាយប៉ះពាល់កិត្តិយសលោកគ្រូ អ្នកគ្រូ  អាណាព្យាបាល និងអាចឱ្យខូចអនាគតខ្លួនឯងផងដែរ។