អភិបាលខេត្តកំពង់ធំ បន្តចុះដោះស្រាយ សំណូមពរបងប្អូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ លើទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្នុងសហគមន៍នេសាទ ស្រុកកំពង់ស្វាយ

0

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្នុងសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ និងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១៣១ គ្រួសារ ដើម្បីស្តាប់នូវទុក្ខកង្វល់ ក៏ដូចជាសំណូមពរបស់ពួកគាត់ ដែលបានដាក់សំណើរស្នើមករដ្ឋបាលខេត្តកំពង់ធំ ដើម្បីសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ ឡើងធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិនៃការកកើតសហគមន៍នេសាទទាំងពីរនេះ មានផ្ទៃដីសរុប ចំនួន ៩៣៩ហិចតា ក្នុងនោះប្រជាពលរដ្ឋ ចំនួន ១៣១គ្រួសារ ស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរ មានចំនួន ៧០,៨៩ហិចតា ហើយដីតំបន់ខាងលើពោពេញទៅដោយទឹកលិចនៅរដូវវស្សា ដូចនេះប្រជាពលរដ្ឋអាស្រ័យផលតាមអាកាសធាតុ និងតាមរដូវកាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានធ្វើការពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន មេភូមិ ប្រធានសហគមន៍ទាំងពីរ និងប្រជាពលរដ្ឋដែលបានអាស្រ័យនៅតំបន់នោះ ដើម្បីដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ទាំង ១៣១គ្រួសារ ស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។

ឯកឧត្តម ងួន រតនៈ បន្តទៀតថា អាជ្ញាធរខេត្ត តែងតែខិតខំក្នុងការដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ តួយ៉ាងកន្លង មករាជរដ្ឋាភិបាលបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ទទួលបានយ៉ាងច្រើនរួចមកហើយក្នុងខេត្តកំពង់ធំយើងនេះ ដើម្បីឲ្យពួកគាត់ប្រើប្រាស់បានដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

ទន្ទឹមនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានប្តេជ្ញាជំរុញការដោះស្រាយកិច្ចការនេះ អោយកាន់តែឆាប់រហ័ស ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលមានសិទ្ធិសម្រេចកិច្ចការងារនេះ មិនទុកឲ្យប្រជាពលរដ្ឋនៅរងចាំបន្តទៀតនោះទេ។

ឯកឧត្តម ងួន រតនៈ សំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការ ការពារ ទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ អភិរក្សពូជត្រីក្នុងដែនសហគមន៍នេសាទ។

អភិបាលខេត្តកំពង់ធំ បន្តចុះដោះស្រាយ សំណូមពរបងប្អូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ លើទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្នុងសហគមន៍នេសាទ ស្រុកកំពង់ស្វាយ