ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣​ និងលើកទិសដៅការងារខែបន្ទាប់

0

ខេត្តកែប. កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែ សីហា ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តខែកញ្ញាឆ្នាំ២០២៣ ដោយមានការចូលរួម ពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការនានាចំណុះរដ្ឋបាលខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត ។

ថ្លែងបើកកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ថា ក្រៅពីឆ្លងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ និងទិសដៅការងារបន្ទាប់ ក៏នឹងផ្សព្វផ្សាយ សេចក្តីព្រាងកែសម្រួសសមាសភាពគណៈកម្មការពិគ្រោះយោបល់ស្រ្តីនិងកុមារក្រុមប្រឹក្សាខេត្ត, សេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មការលទ្ធកម្ម និងគណៈកម្មសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត និងធ្វើការផ្សព្វផ្សាយនូវសេចក្តីព្រាងកែសម្រួលសមាសភាពមន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្ត ។ ក្នុងនោះដែរឯកឧត្តម បានសង្កត់ធ្ងន់អោយគ្រប់មន្ទីរអង្គភាពនានា ធ្វើការបណ្តុះបណ្តាលមន្ត្រីស្នូល ដែលមានសមត្ថភាព មានលទ្ធភាពក្នុងការធ្វើជាអ្នកនាំពាក្យក្នុងអង្គភាពរបស់ខ្លួន។

ឯកឧត្តមបញ្ជាក់ថា មន្ត្រីនាំពាក្យក្នុងមន្ទីរ ឬអង្គភាពមួយពិតជាមានសារសំខាន់ ក្នុងការឆ្លើយតបបន្ទាន់ នូវរាល់ហេតុការណ៍ ឬបញ្ហាណាមួយក្នុងស្ថាប័ន និងទាមទាអោយមានចំណេះដឹងគ្រប់គ្រាន់លើដែលសមត្ថកិច្ចទទួលខុសត្រូវ និងមានមូលដ្ឋានយោងច្បាស់លាស់ ។ ក្រៅពីនេះឯកឧត្តមបណ្ឌិត អភិបាលខេត្ត ស្នើអោយគ្រប់អ្នកពាក់ព័ន្ធពិនិត្យអោយបានជាក់លាក់នូវខ្លឹមសារ និងទិន្នន័យពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន អោយមានភាពត្រឹមត្រូវ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត និងធ្វើការបោះពុម្ពជាផ្លូវការផ្ញើជូនថ្នាក់ជាតិអោយបានទាន់ពេលវេលា៕ សេង ណារិទ្ធ