កម្មករសំណង់ម្នាក់ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះតាមផ្លូវសាធារណ៏

0

ខេត្តព្រះសីហនុ៖កម្មករសំណង់ម្នាក់បានព្យាយាមរត់គេខ្លូនក្រោយធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះតាមផ្លូវសាធារណ៏បានសម្រេច  ប៉ុន្តែររត់មិនរួច ត្រូវសមត្ថកិច្ចប៉ូលិសតាមចាប់ខ្លូនភ្លាមៗផងដែរ។ហេតុការណ៏នេះបានកើតឡើងនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៥០នាទី នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជុំវិញករណីបានបញ្ជាក់ថាក្រោយទទួលបានព័ត៏នេះភ្លាមលោកបានចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែង រកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន សមត្ថកិច្ច យើងក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ច បានដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទហាងតាផលលើភ្នំ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ជនសង្ស័យបានយកកាបូបដែលធ្វើសកម្មភាពឆក់បាន គប់មកលើសមត្ថកិច្ច កម្លាំងសមត្ថកិច្ចយើងបានបន្ត ដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវខ្សែរកាប ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ទើបស្ទាក់ចាប់ ឃាត់ខ្លួនបានជនសង្ស័យ ។

ជនសង្ស័យឈ្មោះ រើន ភារិន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់ផ្លូវខ្សែកាបស្ថិតនៅភូមិ៥សង្កាត់៤ក្រុងព្រះសីហនុ។ក្រោយចាប់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ (មធ្យោបាយ ជិះប្រព្រឹត្តិបទល្មើស)  -កាបូបស្ពាយចំហៀង ០១ ពណ៌ក្រហម ដែលជាផលនៃអំពើចោរកម្ម នៅក្នុងកាបូបមាន៖-លុយអាមេរិក ២,២០០$ (ពីរពាន់ពីររយដុល្លារអាមេរិក)-លុយខ្មែរ ១,០០០,០០០រៀល (មួយលានរៀល) -ខ្សែដៃមាស ០១ខ្សែ (ទម្ងន់ ០២ដម្លឹង និង ០៣ជី)  -ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 14 PRO ពណ៌ស្វាយ និងម៉ាក OPPO ពណ៌ខៀវ)។ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕

នាគសមុទ្រ