មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានប្រាប់យោធិនទាំងអស់ បន្តទប់ស្កាត់ឲ្យបានដាច់ខាត រាល់ការប៉ុនប៉ងពីក្រុមអគតិ ចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែង ក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការការងារ អប់រំចិត្តសាស្ត្រ ឆ្នាំ២០២៣ ដែលមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន ២១៥នាក់ នៅទីបញ្ជាការវរៈសេនាតូច៣៧២ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

មេបញ្ជាការវរ:សេនាតូចលេខ៣៧២ លោកវរៈសេនីយ៍ឯក សូរ ចិន្តា បានឡើងរាយការណ៍ អំពីសភាពការណ៍ទូទៅនៅតាមបណ្តោយព្រំដែន និងពីភាពរីកចម្រើនរបស់អង្គភាព ពិសេសការកសាង ថែររក្សាបាន នូវសុខសន្តិភាព និងគ្រប់កងកម្លាំងទាំងអស់ ទទួលបានការថែទាំ ធានាបានជីវភាពយ៉ាងប្រសើរ មិនតែប៉ុណ្ណោះ អង្គភាពបានពង្រឹងសមត្ថភាពកងទ័ព ជំរុញការហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រជាប់ជាប្រចាំ ផងដែរ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានលើកឡើងពីរសភាពការណ៍ក្នុងប្រទេស និងព័ត៌មានដែលកើតឡើងថ្មីៗ ជូនដល់កងកម្លាំងទាំងអស់បានដឹង ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព នៅកម្ពុជា ឲ្យបានល្អប្រសើរ ពិសេសត្រូវរួមគ្នាបន្តទប់ស្កាត់ការធ្វើបដិវត្តពណ៌ កុំឲ្យកើតមាននៅកម្ពុជា ជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានបន្តថា បដិវត្តពណ៌មានគម្រោងបំផ្លាញសេចក្តីសុខរបស់ប្រជាជន និងប្រទេសជាតិ ឲ្យអន្តរាយ ព្រោះនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងការទទួលព័ត៌មានតាមប្រព័ន្ធអនឡាញ ពីជនអគតិមួយចំនួន ដែលបានបំពុលបរិយាកាស ដើម្បីស្វែងរកការគាំទ្រយកសំឡេងឆ្នោត ឲ្យគណបក្សមួយចំនួន ដែលមាមាការញុះញង់ អុជអាល លាបពណ៌ បង្កភាពចលាចល ឲ្យច្របូកច្របល់នៅក្នុងប្រទេស។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយផែនការការងារអប់រំចិត្តសាស្រ្តនាពេលនេះ គឺមានគោលបំណងពង្រឹង និងលើកកម្ពស់នូវគុណភាពអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឱ្យមានស្មារតី និងឆន្ទៈមុះមុត ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកអនុវត្តឱ្យបានជោគជ័យ នូវផែនការកែទម្រង់៥ឆ្នាំរបស់ កងយោធពលខេមរភូមិន្ទ ក្នុងនោះកងទ័ពត្រូវប្រកាន់ខ្ជាប់នូវបាវចនា២ គឺ ពង្រីក និងចងសម្ព័ន្ធភាព មិត្តភាព ខាងក្រៅ។ ប៉ុន្តែ ក្នុងលក្ខខណ្ឌឯករាជ្យមិនចំណុះ ដែលរាជរដ្ឋភិបាលអណ្តិទី៦ បានដាក់ចេញ និងបន្តសំរាប់អណត្តិទី៧ នេះទៀត ហើយយើងមិនអាចបំ ភ្លេចបានទេ នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលបានដាក់ចេញឲ្យអនុវត្តនោះ គឺ ត្រូវឆ្លុះកញ្ចក់ ងូចទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវខិតខំ អនុវត្តន៍តាមតួរនាទី ភារកិច្ច ដោយមានស្មារតី ឆន្ទៈ សតិអារម្មណ៍ល្អ ស្នេហាជាតិពិតៗ បន្ត ហ្វឹកហ្វឺន ទុកដាក់ គ្រប់គ្រងគ្រឿងសព្វាវុធឲ្យបានត្រឹមត្រូវ បន្តរួមសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន ថែររក្សាភូមិ ឃុំ មានសុវត្ថិភាព ដែលបានអនុវត្តកន្លងមក ឲ្យបានល្អប្រសើរ។

បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានអញ្ជើញចុះពិនិត្យការសាងសង់អគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ឲ្យវរសេនាតូចលេខ៣៧២ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសប្រាសាទព្រះវិហារ៕ដោយ៖ឡុង សំបូរ