ខេត្តព្រះវិហារ៖ នាយនគរបាលខេត្តព្រះវិហារ ១៣៥នាក់ បានចូលរួមក្នុងកិច្ចប្រជុំ “បិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ” ដែលបានប្រពឹត្តទៅនៅថ្ងៃទី២៥កញ្ញា២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា អគ្គនាយករងសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ផូ ប៊ុនឡេង អនុប្រធានគណៈប្រតិភូ និងក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាង ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ,ផែនជំនាញពាក់ព័ន្ធ ,ប្រធាន-អនុប្រធានការិយាល័យជំនាញ អធិការនគរបាលក្រុង/ស្រុកទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ឃុំ/សង្កាត់ ផងដែរ។
ស្នងការរងទទួលផែនការងារធនធានមនុស្ស ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត បានថ្លែង លើកទឹកចិត្តដល់នាយនគរបាល នាយរង និងពលនគរបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើការងារសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពស្នងការដ្ឋាននគរបាលខេត្ត ប្រកបដោយលទ្ធផលល្អប្រសើរ និងជាទីមោទនៈ។ លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត បានស្នើដល់អគ្គនាយកសវនកម្មផ្ទៃក្នុង ឲ្យជួយកែលំអរចំណុចខ្វះចន្លោះ ដើម្បីទុកជាបទពិសោធន៍ សម្រាប់ការអនុវត្តការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
អគ្គនាយករងសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានថ្លែងកោតសរសើរ ចំពោះលទ្ធផល នៃការធ្វើសវនកម្មផ្ទៃក្នុង កាលបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ជាមួយមន្ត្រីនគរបាល តាមផែននីមួយៗ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាពេលកន្លងមក និងរហូតដល់ថ្ងៃបិទបញ្ចប់កម្មវិធីសវនកម្ម នាថ្ងៃនេះ។
លោកឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានបញ្ជាក់ថា នៅតាមបណ្តាគ្រប់ផ្នែកជំនាញទាំងអស់ គឺមានកាយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ មានភាពច្បាស់លាស់ មានសាមគ្គីភាពផ្ទៃក្នុងបានល្អ និងមានទំនាក់ទំនងល្អ ដែលនេះបានបង្ហាញឲ្យឃើញថា អង្គភាពជំនាញពាក់ព័ន្ធ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំពេញការងារបានយ៉ាងល្អប្រសើរ គួរឱ្យកត់សម្គាល់៕ដោយ៖ឡុង សំបូរ