អាជ្ញាធរខេត្តស្ទឹងត្រែងកម្ពុជា និងអាជ្ញាធរខេត្តអត្តពឺឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល្អ និងពង្រឹងលើការទប់ស្កាត់ ការចរាចរណ៍បទល្មើសឆ្លងដែន ឲ្យបានកាន់តែប្រសើរថែមទៀត

0

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តអត្តពឺ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានប្តេជ្ញារួមគ្នាក្នុពង្រឹងកិច្ចសហប្រតិបត្តិការល្អ ពង្រឹងលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនផ្សេងៗទៀត ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

ការប្តេជ្ញារួមគ្នាក្នុងការទប់ស្កាត់បទល្មើសឆ្លងដែននោះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ រវាងអាជ្ញាធរខេត្តស្ទឹងត្រែង កម្ពុជា និងអាជ្ញាធរខេត្តអត្តពឺឡាវ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តអត្តពឺ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចំណែក គណៈប្រតិភូខេត្តអត្តពឺ ឡាវ ដឹកនាំដោយ លោក ឡេត សៃយ៉ាផន អភិបាលខេត្តអត្តពឺ ដែលជាខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។

អភិបាលខេត្តស្ទឹងត្រែង កម្ពុជា លោកស្វាយ សំអ៊ាង មានប្រសាសន៍ថា កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការលើកទី៦ ជាមួយគណៈប្រតិភូខេត្តអត្តពឺ នៃសាធារណៈរដ្ឋ ប្រជាធិតេយ្យ  ប្រជាមានិតឡាវ ដែលជាម្ចាស់ផ្ទះប្តូរវេន នៅថ្ងៃទី២៦កញ្ញានេះ ផ្តោតសំខាន់លើកិច្ចព្រមព្រៀងប្រតិបត្តិ លើកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធន់ធានធម្មជាតិ និងគ្រឿងញៀន នៅតាមព្រំដែន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម យន្តការនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងភាគីទាំងពីរកម្ពុជា-ឡាវ ឲ្យបានកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត ។

លោក ស្វាយ សំអ៊ាង មានប្រសាសន៍ទៀតថា កិច្ចប្រជុំនេះ ត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ (ស្ទឹងត្រែងកម្ពុជា-អត្តពឺឡាវ) ហើយភាគីទាំងពីរ បានកំណត់យ៉ាងច្បាស់ អំពីការអនុវត្តខ្លឹមសារកំណត់ហេតុកិច្ចប្រជុំលើកទី៥ កន្លងទៅ រវាងខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តអត្តពឺ នៃប្រទេសឡាវ នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ដើម្បីជាមូលដ្ឋាន នៃការអនុវត្តក្របខណ្ឌទ្វេភាគី (ស្ទឹងត្រែង-អត្តពឺ) បន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរឱ្យកាន់តែប្រសើរឡើង ៕ដោយ៖ឡុង សំបូរ