អភិបាលស្រុករវៀង ខេត្តព្រះវិហារ ជំរុញសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹងគ្រប់មុខវិជ្ជា ដើម្បីឈានទៅសិស្សាបន្ថែម តាមប្រព័ន្ធឌីជីថល ក្នុងយុគសម័យដ៏ទំនើបនេះ

0

ខេត្តព្រះវិហារ៖ ការថ្លែង ដាស់តឿនដល់សិស្សានុសិស្សរបស់ អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ ខណៈដែលលោកបានដឹកនាំក្រុមការងារ ចុះទៅកាន់ «វិទ្យាល័យសម្តេច ហ៊ុន សែន ក្រពុំឈូក» ដើម្បីជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងការផ្តល់ជូន នូវទូរទស្សន៍ ៤គ្រឿង ដល់វិទ្យាល័យចំនួន ៤ នៅក្នុងស្រុករវៀង។ ពិធីសំណេះសំណាល បានធ្វើឡើងនៅ«វិទ្យាល័យសម្តេច ហ៊ុន សែន ក្រពុំឈូក» នៅរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិស្វាយប៉ាត ​ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យចេះគោរពស្រលាញ់គ្នា ចេះឱនលំទោនចំពោះអ្នកដែលមានវ័យច្រើនជាង ពិសេស លោកគ្រូ អ្នកគ្រូ ត្រូវគោរពវិន័យក្នុងម៉ោងសិក្សា ត្រូវគោរពបទបញ្ជាផ្ទៃក្នុងសាលា ត្រូវចេះជួយយកអាសារដោះទុក្ខធុរៈគ្នាគ្រាមានអាសន្ន និងត្រូវចូលរួមចំណែក ក្នុងការបម្រើកិច្ចការងារសង្គម ផងដែរ។

ចំពោះលោកឪពុក អ្នកម្តាយ ឬ អាណាព្យាបាលសិស្សនោះវិញ ក៏ត្រូវខិតខំព្យាយាមអប់រំ ណែនាំកូនឲ្យខិតខំរៀនសូត្រ កសាងអំពើល្អនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ព្រោះត្បិតពួកគាត់ គឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ នៅថ្ងៃអនាគត។

ស្របពេលជាមួយគ្នានោះដែរ លោកអភិបាលស្រុករវៀង បានប្រគល់ទូរទស្សន៍ ១គ្រឿង ជូនដល់«វិទ្យាល័យសម្តេច ហ៊ុន សែន ក្រពុំឈូក» និងបានចាត់ លោកអភិបាលរងស្រុក ឲ្យនាំយកទូរទស្សន៍ ៣គ្រឿង ទៅផ្តល់ជូន វិទ្យាល័យចំនួន ៣ទៀត គឺ « វិទ្យាល័យរវៀង ,វិទ្យាល័យរក្សា និងវិទ្យាល័យភ្នំដែក» ទូរទស្សន៍ទាំង ៤គ្រឿង សម្រាប់ជាជំនួយលើការសិស្សាតាមប្រព័ន្ធឌីជីថល ដើរឲ្យទាន់សម័យកាលដ៏ទំនើបនេះ។

លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា នៅពេលខាងមុខនេះ នឹងមានគម្រោងបំពាក់កុំព្យូទ័រ នៅតាមលាសារៀននីមួយៗផងដែរ និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅពេលកន្លងមក ក៏បានឧបត្ថម្ភកុំព្យូទ័រ ១៦គ្រឿង រួចមកហើយ ជូនដល់វិទ្យាល័យភ្នំដែក ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ