រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃទិសភូមិភាគ៤ ក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ លោក សំរិទ្ធ ឌី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងទិសភូមិភាគទី៤ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ លោក សំរិទ្ធ ឌី​ បានថ្លែងថា អនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងបទបញ្ជារបស់ គណៈបញ្ជាការឯកភាពសមរភូមិមុខទិសព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅទិសប្រាសាទព្រះវិហារ លោកបានដឹកនាំកសាងពង្រឹងកម្លាំងនគរបាល គណៈបញ្ជាការស្រាលនគរបាលជាតិ និងកងកម្លាំង នគរបាលការពារព្រំដែន ចំនួន ៦វរសេនាតូច នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងទៀតថា ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត បច្ចុកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធឹបតី ហ៊ុន ម៉ាណែត បានបន្តការចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ដល់កម្លាំងតាមបន្ទាត់ព្រំដែន ដែលបានការពារបូរណភាពទឹកដី ឲ្យបានគង់វង្ស រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ឲ្យទទួលបានជោគជ័យ។

លោករដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលជាតិជួរមុខ ភូមិភាគ៤ នៃប្រសាទព្រះវិហារ ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ។ ម្យ៉ាងកងកម្លាំងនគរបាលជាតិជួរមុខ ក្រោមការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល , ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលព្រំដែន ទទួលបានអាវរភ្លៀង អាវរងារ និង ប្រាក់ហូបចុកបន្ថែម ទាន់ពេលវេលា និងជារៀងរាល់ឆ្នាំ ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ លោក សំរិទ្ធ ឌី បានជម្រុញ កងកម្លាំងនគរបាលព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ម្ចាស់ការបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ នៅតាមអង្គភាពនីមួយៗ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅ កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ត្រូវចេះទំនាក់ទំនងជិតស្និទ្ធ និងជួបពិភាក្សាតាមកាលកំណត់ ជាមួយកងទ័ព និងនគរបាលនៃប្រទេសជិតខាង ដែលឈរជើងនៅទល់មុខគ្នា ដើម្បីដោះស្រាយបញ្ហាសេសសល់ខ្លះៗ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយសន្តិវិធី ដែលជាហេតុនាំឲ្យសភាពការណ៍សន្តិសុខព្រំដែន មានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរ និងរក្សាបានជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ ។

នាឱកាសនោះ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនកម្លាំងនគរបាលព្រំដែនជួរមុខ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នូវថវិកា ៤១លានរៀល, មី ៧៤កេសធំ, ត្រីខកំប៉ុង ៤១កេសធំ ទឹកក្រូច ១០០កេស និងស្រាបៀ ១៧២កេស។ ទន្ទឹមនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានឧបត្ថម្ភគ្រូ យោធាចារ្យ នូវថវិកា ៥លានរៀល អង្ករ ១តោន ត្រីខកំប៉ុង ១០កេសធំ និងមី១០កេសធំ ថែមទៀតផង៕ដោយ៖ឡុង សំបូរ