ខេត្តស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានសរសេរបង្ហាញឲ្យដឹង អំពីសកម្មភាពរបស់ប្រជានេសាទ ដែលចាប់បានប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ និងកម្រពីរប្រភេទ គឺត្រីប៉ាសាណាកទំងន់៥,៥គីឡូក្រាម និងកន្ធាយក្បាលកង្កែបទំងន់ ៣៤គីឡូក្រាម នៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ដែលស្ថិតក្នុងដែនគ្រប់គ្រងពីរ ដាច់ដោយឡែកពីគ្នា ក្នុងថ្ងៃតែមួយ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣តុលា២០២៣ ម្សិលមិញ។
ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបង្ហាញឲ្យដឹងទៀតថា ត្រីប៉ាសាណាក ដែលមានទំងន់ ៥,៥គីឡូក្រាម ប្រជានេសាទចាប់បាននៅភូមិត្បូងខ្លា ឃុំអូរម្រះ និងកន្ធាយក្បាលកង្កែប ទំងន់ ៣៤គីឡូក្រាម ចាប់បាននៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ធនធានជលផលទាំង ២ប្រភេទនេះ ប្រជាពលរដ្ឋចាប់បាននៅថ្ងៃទី២តុលា២០២៣។
ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ធនធានជលផលទន្លេមេគង្គទាំង ២ប្រភេទ គឺជាសមិទ្ធិផល នៃការខិតខំប្រឹងប្រែង ការពារ អភិរក្ស ធនធានជលផល ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងខេត្តស្ទឹងត្រែង ហើយក៏ជាប្រភេទកំពុងរងគ្រោះថ្នាក់ និងប្រភេទកម្រ ដែលស្ថិតនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ និងក៏ជាតំបន់គ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលទន្លេមេគង្គ ផងដែរ៕ដោយ៖ឡុង សំបូរ