ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ បានឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ នៅក្នុងស្រុកអន្លង់វែង

0

ខេត្តឧត្តរមានជ័យ៖ អនុប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកអន្លង់វែង លោក ផល សាមន ដែលមានការចូលរួមពី ប្រធានក្រុមការងារស្រុកអន្លង់វែង លោក ងួន ទ្ធីរិទ្ធ និងប្រធានក្រុមប្រឹក្សាស្រុកអន្លង់វែង លោក ដុំ ឈុននី បានដឹកនាំក្រុមការងារយុវជនបក្សស្រុក ឃុំ និងភូមិ នាំយកអំណោយរបស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម  សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ១០០គ្រួសារ នៅក្នុងថ្ងៃកាន់បិណ្ឌទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក ផល សាមន បានថ្លែងថា អំណោយដែលក្រុមការងារ បាននាំយកមកចែកជូន ប្រជាពលរដ្ឋក្រីក្រទាំង ១០០គ្រួសារ នៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិសង្ហហបណ្ឌិត គន់ គីម សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្យរមានជ័យ ដែលតែងតែបានគិតគូរពីជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋានជានិច្ច ជាពិសេសនៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដែលបាននិងកំពុងឈានចូលមកដល់នេះ។

លោក ផល សាមន បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ១០០គ្រួសារ ដែលទទួលបានអំណោយពី ឯកឧត្តមកិត្តិសង្ហហបណ្ឌិត គន់ គីម នៅក្នុងពេលនេះ គឺមកពីឃុំចំនួន ៥ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ១០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ស្កសរ អំបិល មី ប៊ីចេង ត្រីខកំប៉ុង និងថវិកា ផងដែរ។ លោកថា នៅពេលប្រជាពលរដ្ឋជួបការលំបាក គឺមានថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នៅក្បែរ និងគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ  និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជានិច្ច៕