កំពង់ធំ÷ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំចំនួន២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់សរុបចំនួន៣០នាក់ ដែលត្រូវត្រៀមខ្លួនចូលរួមប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីអុំទូកនៅ
ខេត្តកំពង់ធំនាពេលខាងមុខ ដែលជាទូកក្រោមការឧបត្ថម្ភគាំទ្ររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាល និងនាំយកនូវអាវយឺតសម្រាប់កីឡាករអុំទូកចំនួន៣០អាវ គ្រឿងឧបភោគបរិភោគរួមមានអង្ករចំនួន១០០គីឡូក្រាម មីជាតិចំនួន៧កេស ត្រីខកំប៉ុងចំនួន៧ យួរ ទឹកពិសារបរិសុទ្ឋចំនួន ៥ កេស ទឹកផ្លែឈើចំនួន៥កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន៦យួរ ព្រមទាំងថវិកាចំនួន ២,១៥០.០០០ រៀលផងដែរ ដើម្បីឧបត្ថម្ភជូនដល់កម្លាំងកីឡាករអុំទូកខ្នាតអន្តរជាតិ ឈ្មោះថាខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ នៅសង្កាត់អូរគន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តឈានឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ។ ប្រពៃណីទំនៀមទំលាប់របស់ជាតិត្រូវបានលើកកម្ពស់ ហើយឆ្នាំនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងរៀបចំកម្មវិធីអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ប្រកបដោយភាពមហោឡារិក ដើម្បីប្រជាជនសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតនៅថ្នាក់ខេត្តនិងនៅរាជធានីភ្នំពេញ ឲ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាព ជាតិខ្មែរ ។
លោក កែន សិរី រ័ត្ន មុន្នី ប្រធានក្រុមតំណាងឲ្យក្រុមកីឡាករទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ខានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករ និងបានប្ដេជ្ញាចិត្ត ក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅរហូតដល់ពេលប្រកួត ទាំងនៅថ្នាក់ខេត្ត នឹងនៅថ្នាក់ជាតិ ឱ្យទទួលបានជោគជ័យ ដើម្បីអបអរសាទរពិធីអុំទូក អកអំបុកនិងសំពះព្រះខែនៅក្នុងឆ្នាំ២០២៣នេះ៕