ការិយាល័យផលិតកម្ម និងបសុខព្យាបាលខេត្ត បានធ្វើជីវសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ

0

កំពង់ធំ÷ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យ បានធ្វើជីវសុវត្ថិភាព ដោយបានបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) ដែលឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោក ចាន់ បញ្ញាវ័ន្ត  បានលើកឡើងថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តធ្វើការវាយតម្លៃ ជាលទ្ធផលក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វបានចំនួនសរុប២០គ្រឿង÷ រថយន្តដឹកជ្រូក០៥គ្រឿង រថយន្តដឹកមាន់១១គ្រឿង រថយន្តដឹកទា០២គ្រឿង និងរថយន្តដឹកគោ០២គ្រឿង រថយន្តទាំងអស់នេះមុននឹងចេញដំណើរទៅណាមកណា ត្រូវតែមកបាញ់ថ្នាំសម្លាប់មេរោគការពារកុំឱ្យឆ្លងទៅសត្វដទៃទៀត និងការពារកុំឱ្យប៉ះពាល់ដល់សុខភាពមនុស្សដែលបរិភោគសាច់ផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់មកទៀតក្រុមការងារ ក៏បានបន្តចុះធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានចំនួន០៦កន្លែងមាន÷ សត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានស្រុកសន្ទុក សត្តឃាតដ្ឋានកំពង់ថ្ម ស្រុកបារាយណ៍ សត្តឃាតដ្ឋានស្រុកកំពង់ស្វាយ សត្តឃាតដ្ឋានតាំងគោកសត្តឃាតដ្ឋានរំលង។
ដោយលោក ធូ កែវមុន្នី