មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សួរសុខទុក្ខយោធិន និងអតីតយុទ្ធជនកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ÷ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងដើម្បីអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនយោធិន និងបងប្អូនអតីតយុទ្ធជន ដែលកំពុងមានជំងឺប្រចាំកាយ មកពិនិត្យ និងសម្រាកព្យាបាលជំងឺ នៅផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា នៅក្នុងខែកញ្ញា និងខែតុលានេះ បងប្អូនអតីតយុទ្ធជន  យោធិននិងគ្រួសារយោធិន បានមកពិនិត្យទទួល យកថ្នាំព្យាបាលមានចំនួន ២០ទៅ ២៥ នាក់ ដោយ ឡែកមកពិនិត្យ និងសម្រាកព្យាបាលជំងឺ មានចំនួនពី៧ទៅ១៥នាក់ ហើយបងប្អូនមួយចំនួនគ្រាន់តែមកពិនិត្យនិងទទួលយកថ្នាំទៅព្យាបាលនៅគេហដ្ឋាន រីឯបងប្អូនមួយចំនួនទៀត ត្រូវនៅសម្រាកមួយរយៈពេលខ្លី ដើម្បីព្យាបាលជំងឺបឋមនៅក្នុងមន្ទីរផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យព្យាបាល និងថែទាំបងប្អូនដែលមានជំងឺ កំពុងសម្រាកនៅក្នុងគិលានដ្ឋាននេះ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំ យកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ឋជន និងយោធិនដែលមកពនិត្យ និងកំពុងសម្រាកព្យាលជំងឺ ចំនួន ១០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ ព្រមទាំងថវិកាមួយចំនួនផងដែរ  ដើម្បីផ្ដល់ជូនដល់បងប្អូនក្រោយពេលសម្រាកព្យាបាលជំងឺ បានជាសះស្បើយហើយ  បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាដែលបានជួយឧបត្ថម្ភទាំងនេះ វិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌនៅតាមគេហដ្ឋានរៀងៗខ្លួន ។

បងប្អូនយោធិន និងអតីតយុទ្ធជន ដែលបាន មកសម្រាកនិងពិនិត្យព្យាបាលជំងឺ នៅក្នុងផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងឧត្តមសសេនីយ៍ទោ  សោម ស៊ុន  ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកនេះ និងសូមគោរពជូនពរ សូមឱ្យសម្ដេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕