រដ្ឋបាលខេត្តកំពង់ធំ ចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីយ៍សំវរៈ

0

កំពង់ធំ៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនាឆ្នាំនេះ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីសាលាខេត្ត ប្រធានអនុប្រធានមន្ទីរ និងមន្រ្តីរាជការ បានមូលមតិគ្នាជាឯកច្ឆ័យ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ជាមួយប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ នៅវត្តនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅហើយនោះ ។

ឯកឧត្តម ញឹក បានខេង បានថ្លែងថាពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតដែល ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក តែងតែមានប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល១៥ថៃ្ងគែបុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។

ឯកឧត្តមអភិបាលរងខេត្តក៏បានបន្តទៀតថា ជារៀងរាល់ឆ្នាំ នៅពេលដល់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនកូនចៅ សាច់ញាតិសណ្តានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា បុណ្យភ្ជុំបិណ្យ គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូនញាតិសណ្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះឡើយ។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើចំណីម្ហូបអាហារ។ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ កាលពីបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ ធ្វើឱ្យមានការលំបាក ដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំងប្រាំពីរសណ្ដាន តាមរយៈអនុភាព ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

គួរបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលជាអំណោយរបស់រដ្ឋបាលខេត្ត បានប្រគល់ជូនដល់ព្រះមេគុណខេត្តរួមមាន÷ អង្ករ០១តោន ទឹកផ្លែឈើ២០កេសទឹកសុទ្ធ២០កេស បច័្ចយកសាង២.០០០.០០០រៀល និងចង្ហាន់សម្រាប់ព្រះសង្ឃ១.៥០០០.០០០រៀលផងដែរ៕ដោយលោក ធូ កែវមុន្នី