ចាប់ផ្ដើមសាងសង់ស្ពានមុន ខណៈគម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង (ស្គន់-កំពង់ចាម) នឹងចាប់ផ្តើមនៅខែវិច្ឆិកា នេះ

0

កំពង់ចាម: ឯកឧត្តម លឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ជំហានដំបូងគឺចាប់ផ្តើមសាងសង់ស្ពានមុន ខណៈការងារពង្រីកផ្លូវនឹងចាប់ផ្ដើមធ្វើនៅដេីមខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់ពីដោះស្រាយផលប៉ះពាល់ដោយខ្សែកាបអុបទិកក្រោមដី ប្រព័ន្ធទឹកស្អាត និងបង្គោលអគ្គិសនី ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សាលើការងារដោះស្រាយផលប៉ះពាល់ គម្រោងពង្រីក និងលើកកម្ពស់ កម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង(ស្គន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិកាក្រសួងសាធារណការ បានបញ្ជាក់ថា ការងារសាងសង់ស្ពាន គឺយើងអាចចាប់ផ្ដើមធ្វើមុនខែវិច្ឆិកានេះ ប្រសិនបើយើងបានដោះស្រាយការងាររំកិលខ្សែកាបអុបទិកក្រោមដី ប្រព័ន្ធទឹកស្អាត និងបង្គោលអគ្គិសនី ចេញពីទីតាំងដែលត្រូវអនុវត្តគម្រោងនោះរួចរាល់ ព្រោះក្រុមការងារសាងសង់ស្ពាន គឺយើងមាន ៣ក្រុម ដែលក្នុង ១ក្រុម ត្រូវអនុវត្តគម្រោងនេះប្រមាណជា ១៧គីឡូម៉ែត្រ ចាប់ផ្ដើមមុនលើដីទ្រព្យសម្បត្តិរបស់រដ្ឋ ពីរង្វង់មូលស្គន់ ស្រុកជេីងព្រៃ រហូតដល់ខេត្តកំពង់ចាមតែម្ដង ។

គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្ពស់ កម្រិតផ្លូវជាតិលេខ៧ ជា ៤គន្លងនេះ គឺមានស្ពានចំនួន ៨កន្លែង ដែលត្រូវសាងសង់ ក្នុងនោះនៅស្រុកជើងព្រៃ មានចំនួន ៤ស្ពាន, ស្រុកព្រៃឈរ មានចំនួន ៣ស្ពាន និងស្រុកកំពង់សៀម មានចំនួន ១ស្ពាន។ ដោយគម្រោងផ្លូវមួយខ្សែនេះ គឺមានប្រវែងសរុប ៤៥,៤៨៩គីឡូម៉ែត្រ ក្នុងនោះនៅតំបន់ក្រៅទីប្រជុំ មានទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជន មានទទឹង២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្គន់ រហូតដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ។ ដែលជាគម្រោងក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃ សាធារណ រដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង ១១៧ ដុល្លារអាមេរិក ៕