កំពង់ធំ÷ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រារព្វពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ នៅថ្ងៃកាន់បិណ្ឌវេនទី១១ នៃរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត អៀនសារី ខៀវសំផន ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់នាយទាហាន នាយទាហានរង ពលទាហាន និងភរិយា ព្រមទាំងក្រុមគ្រួសារ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារតែងតែបានប្រារព្ធពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានលះបង់ពលីជីវិត ដើម្បីជាតិនិងប្រជាជនកម្ពុជា ដោយបានការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពជូនដល់ប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះវីរភាពដ៏ថ្លៃថ្លានិងអង់អាចក្លាហាន របស់កម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានហ៊ានលះបង់និងបូជាអាយុជីវិត ដើម្បីជាតិនិងប្រជាជនកម្ពុជា និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងពិធីដ៏មានសារៈសំខាន់នេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានរាប់បាត្រ បង្សុកូល ប្រគេនបច្ច័យ ទេយ្យទាន និងភោជនីអាហារ ចំពោះព្រះសង្ឃចំនួន៥អង្គ ដែលបាននិមន្តមកពីវត្តឥន្ទ:កុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សង្ហាន់ព្រះសង្ឃ និងសម្រាប់កសាងសមិទ្ធផលនានា នៅក្នុងទីអារាម ជាប្រយោជន៍ដល់ពុទ្ធសាសនិកជនគោរពបូជាផងដែរ៕