សិស្សពិការភាព និងកុមារកំព្រា ប្រមាណជា២៤០នាក់ ទទួលបានការលេីកទឹកចិត្តពីអភិបាលខេត្តកំពង់ចាម

0

កំពង់ចាម: ក្មួយៗសិស្សានុសិស្សពិការភ្នែក និងគថ្លង់ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងកុមារនៃមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ប្រមាណជា២៤០នាក់ ទទួលបានការលេីកទឹកចិត្ត និងអាហារយ៉ាងឈ្ងុយឆ្ងាញ់ពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការរៀបចំពិធីនេះឡើង ដើម្បីបានស្វែងយល់អំពីសុខទុក្ខរបស់ក្មួយៗ ក៏ដូចជាការលើកកម្ពស់ដល់ជនពិការភាព ដោយការមិនទុកឲ្យនៅឯកកោ និងការរើសអើងនោះឡើយ ពោលគឺយើងត្រូវតែរួមគ្នា ដើម្បីដោះស្រាយ ធ្វើយ៉ាងណា ដើម្បីឲ្យក្មួយៗមានសុខភាពល្អ ដូចយុវជនយើង ដែលមានកាយសម្បទាគ្រប់គ្រាន់ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងចាប់យកចំណេះវិជ្ជាផ្សេងៗ ដើម្បីឈានទៅដល់សម្រេចគោលបំណងក្នុងថ្ងៃអនាគត។ ជាពិសេសកុំឲ្យជឿតាមការអូសទាញរបស់មិត្តភ័ក្ដិអាក្រក់ គឺត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឲ្យអន្តរាយដល់សុភមង្គលនោះឡើយ។

គួរបញ្ជាក់ផងដែរថា សិស្សក្នុងវិទ្យាល័យសរុបទាំងអស់មានចំនួន១៨០នាក់ ក្នុងនោះសិស្សពិការភ្នែកមាន៥០នាក់ និងគផ្លង់ចំនួន១២៧នាក់ ហើយបុគ្គលិកសរុបគឺមានចំនួន៣៧នាក់។ ដោយក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សចាប់ពីថ្នាក់បឋម ដល់វិទ្យាល័យ ក្នុងនោះមានសិស្សពិការភ្នែកចំនួន១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សិស្សគថ្លង់មានចំនួន១៣ថ្នាក់ ចាប់ពីថ្នាក់ទី១ទាប ទី១ខ្ពស់ ដល់ថ្នាក់ទី១២ ។ សិស្សពិការភ្នែកថ្នាក់ទី១ ទី២ សិស្សគថ្លង់ថា្នក់ទី១ ទី២ ទី៣ ទី៤ ត្រូវរៀននៅសាលាអប់រំពិសេសទាំងព្រឹក-ល្ងាច ឯសិស្សថ្នាក់ផ្សេងៗទៀតត្រូវទៅរៀនថ្នាក់អប់រំបរិយាបន្ននៅសាលាចំណេះទូទៅមួយពេល។ ដោយសាលាអប់រំពិសេសបានបង្រៀនទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា តែត្រូវបន្ថែមជំនាញ ពិការភាពដល់សិស្ស (សម្រាប់សិស្សពិការភ្នែកបន្ថែមជំនាញអក្សរស្ទាប ឬអក្សរប្រិយ៍ ក្បាច់គិតលេខ របៀបតម្រង់ទិស-OM កម្មវិធីកំព្យូទ័រ-កម្មវិធីJor-កម្មវិធី NVDA និង Zoomtext_ចំណែកសិស្សគថ្លង់រៀនដូចសិស្សមិនមានពិការភាព តែត្រូវបន្ថែម ភាសាសញ្ញាកម្ពុជា)។ ក្រៅពីនេះសាលាមានបង្រៀនភ្លេង សិល្បៈ និងបង្ហាត់ស្ដាប់និយាយសម្រាប់សិស្សគថ្លង់។ ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារចំនួន៦០នាក់ និងបុគ្គលិកចំនួន២នាក់ ផងដែរ ៕