(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ចំនួន១២៥នាក់ ដែលកំពុងសម្រាកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តម ងួន រតនៈ កោតសរសើរដល់មន្ទីរពេទ្យបង្អែកខេត្ត ដែលរៀបចំបានស្អាត់ មានអនាម័យ ផ្ដល់បរិយាកាសល្អសម្រាប់អ្នកជំងឺ អាគារទាំងអស់ត្រូវបានជួសជុលកែលម្អ ហើយបណ្ដាញការផ្តល់សេវាសុខាភិបាលប្រចាំថ្ងៃ ទៅតាមមុខសញ្ញាវេជ្ជសាស្ត្រ មានរហូតដល់ទៅ ២៣ផ្នែក។
ឯកឧត្តមបន្តថា នេះជាការយកចិត្តទុកដាក់របស់មន្ត្រីសុខាភិបាល តាមការចង្អុលបង្ហាញរបស់ ប្រមុខរាជរដ្ឋាភិបាល ដោយត្រូវពង្រឹងការផ្តល់សេវាសាធារណៈ ជាពិសេសសេវាសុខភាព គឺត្រូវតែលើកកម្ពស់និងបន្តការយកចិត្តទុកដាក់។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្នអាកាសធាតុបរិយាកាសមានការប្រែប្រួល បណ្ដាលអោយកើតមាននូវជំងឺថ្មីៗជាបន្តបន្ទាប់ ជាពិសេស ថ្មីៗនេះ ប្រភេទជំងឺ ហ្ស៊ីកា ដែលជាជំងឺកាចសាហាវប្រភេទថ្មី បានឆ្លងចូលមកក្នុងខេត្តកំពង់ធំរបស់យើង ០១ករណីផងដែរកាលពីថ្មីៗនេះ។
ដើម្បីជៀសវាងពីការឆ្ងង់ជំងឺ ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ថែមការយល់ដឹងពីប្រភេទជំងឺនិមួយៗ ត្រូវមានការការពារប្រុងប្រយ័ត្ន និងត្រូវថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។
ឯកឧត្តម អភិបាលខេត្ត ណែនាំដល់មន្រ្ដីសុខាភិបាលទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺ និងជូនពរដល់អ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយ ដើម្បីបានជួបជុំក្រុមគ្រួសា រនាឱកាសពិធីបុណ្យភ្ជុំបិណ្យនេះ។
គួរបញ្ជាក់ផងដែរថា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនាពេលនេះ ទទួលបានការឧបត្ថម្ភនូវឃីតម្នាក់១កញ្ចប់ ក្នុងនោះរួមមាន ទឹកដោះគោ មី ត្រីខ ស្ករសរ និងថវិកាមួយចំនួនផងដែរ។ អត្ថបទដោយ សំ រស្មី-កែសម្រួលដោយអ៊ុម ញឹប៕