កំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដោយមានការយកចិត្ត្តទុកដាក់ពី ឯកឧត្ដម ងួន រតន: ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានឱ្យក្រុមប្រតិបត្តសាខា ដឹកនាំដោយលោក លោក កែវ ផល នាយកសាខា សហការជាមួយមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាល ឣង្គការបង្ការរបួសឣាស៊ី ដឹកនាំអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ចុះធ្វើយុទ្ធានាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅចំណុចមុខវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។
លោក កែវ ផល លើកទឹកចិត្តដល់ក្រុមការងារដែលបានអនុវត្តជាក់ស្តែង ចំពោះការអនុវត្តសកម្មភាពនេះគឺ ក្នុងគោលបំណងចូលរួមការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ដើម្បីចូលរួមទាំងអស់គ្នាកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានពិការភាព បាត់បង់ជីវិតមនុស្ស ការខូចខាតនូវទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម។
ចុងក្រោយលោក កែវ ផល បង្ហាញជាលទ្ធផលសម្រេចបានអ្នកចូលរួមសរុបចំនួន២៣០នាក់ ស្រី៩៧នាក់ និងអ្នកយល់ពីសុវត្ថិភាក្នុងការបើកបរប្រកបដោយការទទួលខុត្រូវខ្ពស់។ ក្នុងនោះផងដែរក្រុមការងារបានផ្សព្វផ្សាយដោយ បិតចំណាំងផ្លាត់លើម៉ូតូ ១៥០គ្រឿង ផ្តល់មួកសុវត្ថិភាពចំនួន២០មួក (ក្នុងនោះមួកសាខាកាកបាទក្រហមកម្ពុជាខេត្ត១០មួក និងមួករបស់មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត១០មួក)។ ចែកខិត្តប័ណ្ណជំនួយស្មារតី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១៥០សន្លឹកប័ណ្ណអ្វីដែលអ្នកបើកបរត្រូវដឹងចំនួន១៥០សន្លឹក សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន១៥០សន្លឹក ស្ទិកគ័រចំណាំងផ្លាតចំនួន១៥០សន្លឹក ផ្តល់ខិត្តប័ណ្ណរបៀបពាក់មួកសុវត្ថិភាពចំនួន១២០សន្លឹកខិត្តប័ណ្ណលើកកម្ពស់សិទ្ធជនពិការចំនួន១៣៥សន្លឹកនិងស្ទិកគ័រចំណាំងផ្លាតចំនួន១៥០សន្លឹក៕
អត្ថបទលោក ធូ កែវមុន្នី..កែសម្រួលដោយអ៊ុមញឹប