ឧត្តមសេនីយ៍ទោ ម៉ែន លី ជួបសំណេះសំណាល និងផ្ដាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គចំនួន៩៨នាក់

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាម បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី មុននិងសិក្ខាកាមទាំងនេះ និងត្រូវចូលបំរើការជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា ថ្ងៃនេះមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយប្អូនៗក្មួយជាសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបំប៉នជំនាញរយៈពេលខ្លី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អស់រយៈ៤៣ថ្ងៃកន្លងទៅ ក្នុងការតស៊ូដើម្បីឱ្យសមត្ថភាពខ្លួនឯងមានជំនាញនិងចំណេះបម្រើជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៍បានថ្លែងអំណរគុណ ចំពោះគ្រូបង្គោល ដែលបានខិតខំប្រឹងប្រែយ៉ាងយកចិត្តទុកដាក់ និងចំណាយពេលវេលា ដ៏មានតម្លៃ ចូលរួមបង្ហាត់បង្រៀន ចែករំលែកចំណេះដឹងបទពិសោធន៍ ដល់ប្អូនៗ សំដៅចូលរួមចំណែកកសាងធនធានមនុស្ស និងបានកោតសរសើរចំពោះសិក្ខាកាម ទាំងអស់ដែលបានយកចិត្តទុកដាក់ សិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ស្វែងយល់អំពីជំនាញនីមួយៗ ពីគ្រូឧទ្ទេស រហូតសម្រេចបាន លទ្ធផលជោគជ័យ គួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ បានផ្ដាំផ្ញើ ដល់ប្អូនៗជាទំពាំងស្នងឬស្សី មន្ត្រីនគរបាលជាតិ បន្តវេន ពេលត្រលប់ ទៅបំពេញភារកិច្ច តាមបណ្តាអង្គភាពវិញ÷១.ប្រកាន់ភ្ជាប់គោរពវិន័យ សីលធម៌ សាមគ្គីភាព អនុវត្តតួនាទី ភារកិច្ច  ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។២.ពង្រឹងសមត្ថភាពជំនាញ ខិតខំសិក្សារៀនសូត្របន្ថែម អំពី ច្បាប់ ក្រមនីតិវិធី វិធានជំនាញ របស់កងកម្លាំងនគរបាលជាតិ រួមផ្សំស្រាវជ្រាវស្វែងយល់ចំណេះដឹងទូទៅ ដែលមាននៅតាមបណ្ដាញសង្គម។ ៣.ចូលរួមថែរក្សា កសាង សមិទ្ធិផល របស់អង្គភាព។ ៤.បង្កើនកិច្ចសហការល្អ ជាមួយកងកម្លាំងមន្ត្រីរាជការអាជ្ញាធរ ជុំវិញមូលដ្ឋាន ។

សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញមានរយៈពេល៤៣ថ្ងៃ គ្រូឧទ្ទេសនាមចំនួន០៥នាក់ មេរៀនចំនួន ០៥ជំនាញ សិក្ខាកាមចំនួន៩៨នាក់ ស្រី៣៣នាក់ និងត្រូវចូលបំរើការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងមូលដ្ឋានខេត្តកំពង់ធំ៕ អត្ថបទដោយលោក ធូ កែវមុន្នី