អាជ្ញាធរខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តជោតនារាមបឹងកុក និងវត្តសុទស្សនារាម (វត្តជ្រោយថ្ម) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តជោតនារាមបឹងកុក និងវត្តសុទស្សនារាម (វត្តជ្រោយថ្ម) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនផងដែរ។

គួរបញ្ជាក់ថា ឆ្នាំនេះពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា នៅថ្ងៃព្រហស្បតិ៍ទី១២ ខែតុលានេះ ជាថ្ងៃកាន់បិណ្ឌវេនទី១៣ ដេីម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់បុព្វការីជនទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខនោះ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាម បាននាំយកទេយ្យទាន និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តជោតនារាមបឹងកុក និងវត្តសុទស្សនារាម (វត្តជ្រោយថ្ម) ដោយក្នុង១វត្ត បច្ច័យចំនួន ៤លាន ២ម៉ឺនរៀល អង្ករ ១០០គីឡូក្រាម មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ត្រីខ ១កេសធំ ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស តែ ៥គីឡូ ស្ករស ៥គីឡូ សម្រាប់ព្រះសង្ឃ ២វត្ត ១៤អង្គ ក្នុង ១អង្គ -ទេយ្យវត្ថុចំនួន ១ អមបច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទេីបយេីងមានឱកាសជួបជុំគ្នាធ្វើបុណ្យដាក់ទានដោយក្តីសប្បាយរីករាយ ព្រមទាំងចូលរួមកសាងសមិទ្ធផលដោយសទ្ធាជ្រះថ្លា ក្នុងវិស័យពុទ្ធសាសនា ដេីម្បីសន្សំកុសលផលបុណ្យ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សានូវសុខសន្តិភាពមួយនេះ ឱ្យបានគង់វង្សយូរអង្វែង ដេីម្បីបន្តការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រេីនរំឮកដល់គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឈទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានជុំនឿទុកចិត្ត ក្នុងការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ព្រោះកត្តាជុំនឿ ការជឿទុកចិត្តលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឈ ទេីបប្រជាពលរដ្ឋយើង ចូលបុណ្យដេីម្បីកសាងសមិទ្ធផលផ្សេងៗ ផងដែរ ៕