ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជួបសំណេះសំណាលជាមួយមន្ត្រីសាលាក្រុងកែប ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ

0

ខេត្តកែប: ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣  បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃសាលាក្រុងកែប ក្នុងនោះក៏បានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការចំណុះអោយសាលាក្រុងកែបជាច្រើនរូបផងដែរ។

មានមតិសំណេះសំណាលនាឲកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃសាលាក្រុងកែប ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព រហូតទទូលបាននូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលក្រុងកែប។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ ឯកឧត្តមបណ្ឌិត សោម ពិសដិ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប តែងតែអញ្ជើញជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការចំណុះអោយសាលាក្រុងកែប ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌនេះ ក៏ដូចជាបុណ្យប្រពៃណីជាតិផ្សេងៗ មិនដែលខានឡើយ។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានអំពាវនាវអោយថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំង ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក សហការគ្នាអោយបានជិតស្និតដើម្បីរៀបចំ សណ្តាប់ធ្នាប់ អនាម័យតាមទីសាធារណៈ សោភ័ណភាពតាមដងផ្លូវ ពិសេសនោះរក្សាសុខសុវត្ថិភាពជូនភ្ញៀវទេសចរដែលមកលេងកំសាន្តក្នុងខេត្តកែបក្នុងពេលរដូវបុណ្យភ្ជុំបិណ្ឌនេះអោយបានល្អប្រសើរ ។

ឯកឧត្តមបណ្ឌិត សំណូមពរដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាក្រុងកែប សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជា ធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ន ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ណែនាំដល់មន្ត្រីទាំងអស់ត្រូវ ជៀសអោយឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តបទល្មើសផ្សេងៗ ជាចុងក្រោយពេលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមអោយមានសុវត្ថភាព និងសូមគោរពច្បាប់ចរាចរណ៍អោយបានខ្ចាប់ខ្ជួនក្នុងពេលបើកបរ  ឯកឧត្តមបណ្ឌិត បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើរសួរសាកទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានអង្ករចំនួន៥តោនជួនដល់សាលាក្រុងកែបផងដែរ៕ សេង ណារិទ្ធ