អភិបាលខេត្តកែប ជម្រុញអោយថ្នាក់ក្រោមរក្សាសុខសុវត្ថិភាពភ្ញៀវទេសចរអោយបានល្អអំឡុងថ្ងៃឈប់សម្រាក់បុណ្យភ្ជុំបិណ្ឌ

0

ខេត្តកែប: ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានជម្រុញដល់មន្ត្រីរាជការ កងកម្លាំង ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក សហការគ្នាអោយបានល្អក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមទីសាធារណៈ និងត្រៀមរៀបចំកម្លាំងប្រចាំការតាមគោលដៅក្នុងតំបន់ទេសចរណ៍នីមួយៗ ដើម្បីរក្សាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិដែលមកលេងកំសាន្តនៅខេត្តកែបក្នុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៣-១៥ អោយបានល្អប្រសើរ។

មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងនោះក៏បានអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការចំណុះអោយសាលាខេត្តកែបជាច្រើនរូបផងដែរ។

ឆ្លៀតក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព រហូតទទូលបាននូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្តកន្លងមក។

ក្នុងនោះដែរ  ឯកឧត្តមបណ្ឌិត បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាណែនាំដល់មន្ត្រីទាំងអស់នៅក្នុងខេត្តកែប និងសូមជូនពរពេលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមអោយមានសុវត្ថភាព និងសូមគោរពច្បាប់ចរាចរណ៍អោយបានខ្ចប់ខ្ជូនក្នុងពេលបើកបរ  ដោយពាក់មួកសុវត្តិភាព និងពិសាគ្រឿងស្រវឹងសូមកុំបើកបរ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំខេត្ត តែងតែជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការចំណុះអោយរដ្ឋបាលសាលាខេត្ត  ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យចូលឆ្នាំទៅតាមទម្លាប់មិនដែលខាន៕ សេង ណារិទ្ធ