កំពង់ធំ÷ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ ព្រមទាំងប្រតិភូអញ្ជើញក្នុងពិធីចែកអំណោយ ជូនដល់គ្រួសារទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ និងបានគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងស្រុកស្ទោង ពិសេសបងប្អូនងាយរងគ្រោះ ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ មកពីឃុំចំនួន០៥ មានឃុំព្រះដំរី ឃុំរុងរឿង .ឃុំបន្ទាយស្ទោង ឃុំទ្រា និងឃុំកំពង់ចិនជើង។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ចំពោះទឹកជំនន់ដែលជន់កន្លងទៅថ្មីៗនេះ រងផលប៉ះពាល់ចំនួន០៥ឃុំ មាន២៦ភូមិ គ្រួសាររងគ្រោះដោយទឹកជំនន់មាន១.៩៧៧គ្រួសារ។ ក្នុងនោះប៉ះពាល់ដំណាំស្រូវចំនួន១០៦២ហិកតា លិចទីធ្លាសាលារៀនចំនួន១៣សាលា កត្តាខូចខាតដំណាំស្រូវមាន០៤ឃុំ មាន១៩ភូមិ ក្នុងនោះមាន៩៩៣គ្រួសារ ដំណាំស្រូវខូច៦៧៣ហិចតា លិចផ្លូវគ្រួសក្រហមចំនួន២.១៤៦ម៉ែត្រ និងផ្លូវដីសចំនួន១.៧៣៤ម៉ែត្រ រហូតមកដល់ថ្ងៃនេះ ស្ថានភាពទឹកបានស្រុកទៅវិញបន្តិចហើយ។
ឯកឧត្តម ងួន រតនៈ បានថ្លែងថា សូមឱ្យក្រុមការងារស្រុក ដែល មានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ជាសេនាធិការ នឹងចុះវាយតម្លៃផលខូច ខាតដំណាំស្រូវ និងដំណាំរួមផ្សំ ជាមួយរដ្ឋបាលឃុំ និងភូមិ ដើម្បីស្រង់យកទិន្នន័យខូចខាត ស្រូវ និងដំណាំរួមផ្សំ ឱ្យបានច្បាស់លាស់ ដើម្បីស្រុកមានមូលដ្ឋានក្នុងការរៀបចំសំណើស្នើសុំ ស្បៀងសង្គ្រោះបឋម និងពូជស្រូវសម្រាប់ស្ដារឡើងវិញ នៅរដូវទឹកសម្រកខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត ណែនាំដល់ពលរដ្ឋទាំងអស់ នារដូវទឹកជំនន់នេះ មេត្តាបន្ថែមការប្រុងប្រយ័ត្ន ជាពិសេសគឺកុមារតូចៗ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពជាប្រចាំ មានអនាម័យក្នុងការរស់នៅបីប្រការគឺ(ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត) ចៀសសវាងពីការឆ្លងជំងឺផ្សេងៗ និងប្រុងប្រយ័ត្នពីសត្វអសេរពិលផ្សេងៗទិចឬខាំ កើតឡើងជាយថាហេតុ។
ជាក់ស្ដែងថ្ងៃនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ មកពី០៥ឃុំ ទទួលបានស្បៀងសង្គ្រោះបឋមក្នុងមួយគ្រួសារទទួលបាន៖ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខយួរ និង ទឹកបរិសុទ្ធ០១កេស ដែលជាអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុនី។ អត្ថបទលោក ធូ កែវមុន្នី