កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣
ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៤ នៃរដូវបុណ្យភ្ជុំបិណ្ឌ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកគិត ទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ព្រមទាំងបានរួមចំណែកជាមួយសម្តេចតេជោក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
ជាមួយនេះដែរសម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមបានប្រក បតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ។
ឧត្តមសេនីយ៍ទោ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលេីដីសម្បទានសង្គមកិច្ច ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗនិងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចឹមសត្វ លេីដីសម្បទាន ដែលសម្តេចតេជោ ហ៊ុន សែន បានចែកជូន ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ហើយត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន៤១ គ្រួសារ សម្រាប់ដោះ ស្រាយជីវភាំពប្រចាំថ្ងៃ និងសម្រាប់ធ្វើបុណ្យទានឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធញាតិញត្តិការទាំង៧សណ្តាន ដែលបានចែក ឋានទៅលោកខាងមុខ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១ កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ដោយឡែកអតីតយុទ្ធជនចំនួន១០០គ្រួសារផ្សេងទៀត ត្រូវបានមន្ទីរ អង្គរភាព និងអាជ្ញាធរក្រុង.ស្រុក ដែលជាដៃគូរសម្ព័ន្ធមេត្រីភាព បានជួយឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួចហើយ។
គួរបញ្ជាក់ផងដែរថា អតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅភូមិដងក្តា ឃុំក្រយា សន្ទុក ខេត្តកំពង់ធំ មានចំនួន ១៤១ គ្រួសារ ដែលត្រូវបានសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន មួយហិកតាកន្លះ ផ្ទះថ្មីមួយខ្នង ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ព្រមទាំងអណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនីមួយៗផងដែរ៕