ឧត្តរមានជ័យ៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ច័ន្ទ សុខុន មេបញ្ជាការ កងពល តូចអន្តរាគមន៍លេខ៨ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃក្នុងឱកាសបិណ្ឌវេនទី១៤ ចំនួន ២វត្ត ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៖
ទី១-វត្តជ័យទឹកជំុ (ហៅវត្តអន្លង់វែង) និងទី២-វត្តធម្មារាម (ហៅវត្តស្រះឈូក) ។ ក្នុងនោះ វត្តជ័យទឹកជំុ ឯកឧត្តម និងលោកជំទាវវេរប្រគេន មី ២០កេស, អង្ករ ៨បេ, ទឹកបរិសុទ្ធ ២០យួរ, ត្រីខ ១កេស, ទឹកផ្លែឈើ ២កេស, និងបច្ច័យកសាង ៤លានរៀល ។
ដោយឡែក វត្តធម្មារាម ឯកឧត្តម និងលោកជំទាវ វេរប្រគេន មី ១០កេស, ទឹកបរិសុទ្ធវីតាល់ ១០កេស,អង្ករ ១០០គីឡូក្រាម និងបច្ច័យកសាង ចំនួន ៨០ម៉ឺនរៀល ។
ជារៀងរាល់ឆ្នាំ ឯកឧត្តម ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំក្រោមឱវាទទាំងអស់ តែងតែនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃដូចជាថ្ងៃចូលវស្សា និងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះជាដើម។ ដើម្បីគោរពប្រតិបត្ដិក្នុងព្រះពុទ្ធសាសនាហើយបុណ្យភ្ជុំបិណ្ឌនេះ មានគោលបំណងដើម្បីរំលឹកតបស្នងសងគុណ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ជីដូន ជីតា ដែលបានធ្វើមរណកាលទៅហើយក៏ដូចជា ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ នៃយើងផងដែរ ។
នៅក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាហើយពិធីនេះផងដែរមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាជាពិសេសឪពុកម្ដាយនៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅទីវត្តអារាមជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ៕ សួន លីណា