កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារួច បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើពិភពលោក នៅក្នុងតំបន់ និងការរក្សាបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភួមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់អំពីស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបញ្ហាសង្គ្រាមប្រដាប់អាវុធយ៉ាងសន្ធោសន្ធៅ នៅមជ្ឈឹមបូព៌ាប្រទេស រវាងអ៊ីស្រាអែល ក្រុមហាម៉ាស និងប៉ាឡេស្ទីន ដែលបណ្ដាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់ និងរបួសទាំងសងខាងរាប់ម៉ឺននាក់ ព្រមទាំងបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងការកើតឡើងនៃការជម្លៀសប្រជាជនចេញពីទីក្រុង និងការកេីនឡេីងនូវជនភៀសខ្លួន ដើម្បីគេចផុតពីការស្លាប់ដោយសារសង្គ្រាម។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ពីការសប្បាយរីករាយ របស់បងប្អូនប្រជាជនកម្ពុជាក្នុងការជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងពេលថ្មីៗកន្លងទៅនេះ នៅតាមបណ្តារមណីយដ្ឋាន នៅតាមទីវត្តអារាម និងនៅតាមគេហដ្ឋាននានា ប្រកបដោយសុខសុវត្ថិភាព ក្រោមម្លប់សន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ។
នៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ទោ បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដេីម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ហើយជាមួយនោះដែរត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងការដឹកនាំបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានប្រគល់ជូន ឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ។