កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យមើលស្ថានភាពរស់នៅការដាំដុះ របស់ប្រជាកសិករ ដែលកំពុងដាំដំណាំចំការ មានដូចជាដំឡូង ពោត ស្វាយ ស្វាយចន្ទី នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
នៅក្នុងការចុះសួរសុខទុក្ខ លោកអភិបាលស្រុកតាំងគោកបានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែងបងប្អូនប្រជាកសិករភាគច្រើនគឺប្រកបមុខរបរជាកសិកម្ម ព្រោះប្រភេទដីនៅតំបន់នេះគឺអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងក៏ងាយស្រួលដែរ មានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការរហូតដល់ផ្លូវធំក្នុងស្រុកទាំងមូល។ជាមួយគ្នានេះដែរលោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់មន្រ្តីជំនាញបច្ចេកទេសខាងកសិកម្ម និងចិញ្ចឹមសត្វទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឱ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ទៅលើដំណាំឬសត្វគ្រប់ប្រភេទ សូមផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។ ដើម្បីចូលរួមចំណែកក្នុងវិស័យកសិកម្មឱ្យមានការរីកចម្រើន និងជឿនលឿន សូមឱ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដំណាំរបស់ខ្លួនកាន់តែច្រើន ក្រុមការងារស្រុកនិងជួយរកទីផ្សារជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ក្នុងនោះផងដែរចំណែកប្រជាកសិករ បានរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំស្រុក ចុះសួរសុខទុក្ខ រហូតដល់ចំការរបស់ពួកគាត់ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរកសុខសន្តិភាពជូនពួកគាត់ឱ្យរហូតដល់សព្វថ្ងៃនេះ៕អត្ថបទដោយលោក ធូ កែវមុន្នី