កំពង់ធំ÷ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គម ចំនួនជាង១១០.៧៤៦.៦៨០រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន១៤គ្រួសារ រស់នៅតាម បណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋានគ្រួសារសពឈ្មោះ សំ ឡែម នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកស្រី កែវ ចន្ឋូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗត្រូវទទួលបាន ទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗ ដែលត្រូវបានទទួលថវិកាធានារ៉ាប់រងសង្គមនៅពេលនេះ ។
បន្ទាប់មក លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំ បានមានមតិសំណេះសំណាល និងបានណែនាំមួយចំនួនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងការប្រើប្រាស់ថវិកាដើម្បីបង្កើតជាមុខរបររកទទួលទានចិញ្ចឹមជីវិត និងក្រុមគ្រួសារក្នុងការកសាងជីវភាពថ្មី ឲ្យទទួលបាននូវការរីកចម្រើនរុងរឿង និងសុភមង្គល ក្នុងក្រុមគ្រួសារនីមួយៗ ។
ឧត្តមសេនីយ៍ទោ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងនោះ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ហើយ នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៍បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសុខទុក្ខបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជន បានចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់ គ្រួសារសពអតីតយុទ្ធជនយើង ត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់៕