ខេត្តកំពង់ធំ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គេសង្កេតឃើញមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ធំ និងមានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់រមណីយដ្ឋាន។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចន្លោះថ្ងៃទី១៣-១៥ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានមកទស្សនានៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងប្រជាពលរដ្ឋចូលរួមនៅតាមបណ្តាវត្តអារ៉ាមនានាសរុបចំនួន ៤៥,៣៦៦នាក់។ ក្នុងនោះភ្ញៀវជាតិចំនួន៤៥,២០៨ នាក់ និងភ្ញៀវបរទេសចំនួន១៥៨នាក់។
ក្នុងនោះលោកប្រធានមន្ទីរទេសចរណ៍ខេត្ត បន្តទៀតថា នៅតាមបណ្តារមណីយដ្ឋានដែលបានដំណើរការទទួលភ្ញៀវទេសចរបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ នៅក្នុងរមណីយដ្ឋាន ព្រមទាំងផ្សព្វផ្សាយអប់រំណែនាំវិធានការនានារបស់ក្រសួង និងវិធានការ៣ការពារ៣កុំ ការពារឱ្យបានល្អសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរ ភូមិសាស្រ្តខេត្តកំពង់ធំប្រជុំទៅដោយតំបន់រមណីយដ្ឋានទេសចរណ៍សំបូរបែបដូចជា៖ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ប្រាសាទបុរាណគុហនគរ ស្ថិតក្នុងស្រុកតាំងគោក រមណីយដ្ឋានភ្នំសន្ទុក ស្ថិតក្នុងស្រុកសន្ទុកទំនប់ទឹក៣០កញ្ញា ស្ថិតក្នុងស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក រមណីយដ្ឋានបឹងសំរឹទ្ធ ស្ថិតក្នុងស្រុកបារាយណ៍ រមណីដ្ឋានអូរមាន ក្នុងទឹកដីស្រុកសណ្តាន់ និងរមណីដ្ឋានស្ទឹងព្រៃប្រស់ ក្នុងទឹកដីស្រុកកំពង់ស្វាយ៕ អត្ថបទលោក ធូ កែវមុន្នី