ឯកឧត្តម ដៀប ពីរី និងឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ 

0

កំពង់ធំ៖ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ក្រុមការងារថ្នាក់ខេត្ត កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះឯកឧត្តម ដៀប ពីរី បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម សំណូមពរនានា ដើម្បីរកដំណោះស្រាយក្នុងវេទិកានេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស។ ចំពោះប្រធានបទសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មាន៥ប្រធានបទ÷ ១.ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ២.ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
បញ្ញា បរិស្ថាន ព្រៃឈើ ជលផល ការគ្រប់គ្រងប្រើប្រាស់ដីធ្លី (ការចុះបញ្ជីដី)។ ៣.ការពង្រឹងប្រសិទ្ធភាព នៃការការផ្តល់សេវារដ្ឋបាល និងសេវាសាធារណ(ការធ្វើ ឬចម្លងសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀភៅគ្រួសារ សៀវភៅស្នាក់នៅ)។ ៤.ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម -ប្រសិទ្ធភាពនៃការផ្ដល់ប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ ប័ណ្ណ ប.ស.ស។ ៥. បញ្ហាផ្សេង ៗ

ឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថាហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងដែលបានខូចខាតដោយសារទឹកជំនន់ ជន់ដោយទឹកភ្លៀង បានរងប៉ះពាល់ធ្វើឱ្យលិចលំនៅដ្ឋានខូចខាតនៅផលដំណាំផ្សេងៗ ពិសេសបងប្អូនមិនអាចទៅប្រកបមុខរបរចិញ្ចឹមជីវិតបាននោះឡើយ។ រាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំជាច្រើនមករដ្ឋបាលខេត្តក្រុមការងារ និងចុះវាយតម្លៃដល់គោលដៅជាក់ស្ដែង ដើម្បីដឹងពីស្ថានភាពនិងការចំណាយដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរឯកឧត្តម ព្រឹម រដ្ឋា បានជំរុញដល់មន្ទីរជំនាញនិងអ្នកពាក់ព័ន្ធធ្វើការពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងធ្វើការតាមដានលើការដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត។ រាល់សំណើ សំណូមពរ ក្នុងវេទិកាក្រុមប្រឹក្សាស្រុក ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរទៅលើការស្នើសុំឱ្យជួសជុលផ្លូវដែលបានលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីកន្លងមក ការស្នើការធ្វើផ្លូវចាក់កៅស៊ូ ឬបេតុង ការដាក់លូតាមផ្លូវមួយចំនួន ការស្តារប្រឡាយទឹក ដើម្បីយកទឹកធ្វើកសិកម្ម អគ្គិសនីឱ្យមានគ្រប់ទីកន្លែង  ការស្នើសុំចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណបាត់រឺខូច សូមឱ្យលុបបំបាត់គ្រឿងញៀនគ្រប់ប្រភេទ និងសំបុត្រកំណើត ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ អត្ថបទលោកធូ កែវមុន្នី