អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីការប្រណាំងទូកផ្កាចារ

0

កំពង់ធំ÷ លោក សាយ គឹមឡម បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញប្រកាសបិទព្រឹត្តិការណ៍ប្រណាំងទូកតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីកម្សាន្តសប្បាយរបស់អ្នកស្រុក ក៏ដូចជាអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដែលទើបបានបញ្ចប់ទៅថ្មីៗ ជាទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ១៥ ១៦ ១៧ ខែតុលាឆ្នាំ ២០២៣ នៅដងស្ទឹងស្ទោង(មុខវត្តករណីដើម)យ៉ាងសប្បាយរីករាយ។

ជាមួយគ្នានេះដែរក៏មានការចូលរួមរបស់ទូកចំនួន៤៦ ទូក និងកីឡាករកីឡាការិនីជាច្រើនរយនាក់ មានការអញ្ជើញចូលរួមទស្សនាកំសាន្តរីករាយអបអរសាទរនូវព្រឹត្តិការណ៍នេះពីសំណាក់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ជាពិសេសអ្នកមូលដ្ឋានស្រុកស្ទោងប្រមាណជាង១ម៉ឺននាក់ផងដែរ។

លើសពីនេះ លោកអភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការវត្តករណីដើម លោកអាចារ្យគណៈកម្មការ សប្បុរសជនជិតឆ្ងាយ ធនាគារ មីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជននានា ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលស្រុក ដើម្បីជាការឧបត្ថម្ភដល់កីឡាករកីឡាការនីដែលបានចូលរួមលេងកម្សាន្តសប្បាយក្នុងរយៈពេលបីថ្ងៃនេះឱ្យកាន់តែវិសេសវិសាលថែមទៀតផង។

លោកសាយ គឹមឡម ក៏បានកោតសរសើរ ដល់កីឡាករកីឡាការិនីយើងដែលមានអធ្យាស្រ័យគ្នាខ្ពស់ ក្នុងការលេងកម្សាន្តប្រកបដោយការសប្បាយរាយ មានការទទួលខុសត្រូវ ប្រកបដោយ មិត្តភាព សាមគ្គីភាពក៏ដូចជាថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែង។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះក៏មានការឧបត្ថម្ភនូវ÷ អង្ករចំនួន២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីវ០១យួរ គ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ និងទឹកប្រាក់ចំនួន១០០.០០០រៀល ដល់ទូកនីមួយៗផងដែរ៕