កំពង់ធំ៖ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ ក្រុមការងារថ្នាក់ខេត្ត កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណសាលាស្រុកសន្ទុក ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះឯកឧត្តម ដៀប ពីរី បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាជាអាទិភាពសំខាន់មួយចំនួនសម្រាប់ឱ្យរដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្តដើម្បីលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋនៅតាមក្រុងស្រុក និងឃុំសង្កាត់។ ជាពិសេសពង្រឹងការចូលរួម របស់ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលលើការអភិវឌ្ឍក្រុងស្រុក និងឃុំសង្កាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការណ៍នៃការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ចំពោះប្រធានបទសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មាន៥ប្រធានបទ÷ ១.ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ២.ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិបញ្ញា បរិស្ថាន ព្រៃឈើ ជលផល ការគ្រប់គ្រងប្រើប្រាស់ដីធ្លី (ការចុះបញ្ជីដី)។ ៣.ការពង្រឹងប្រសិទ្ធភាព នៃការការផ្តល់សេវារដ្ឋបាល និងសេវាសាធារណ(ការធ្វើ ឬចម្លងសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀភៅគ្រួសារ សៀវភៅស្នាក់នៅ)។ ៤.ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម -ប្រសិទ្ធភាពនៃការផ្ដល់ប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ ប័ណ្ណ ប.ស.ស។ ៥. បញ្ហាផ្សេង ៗ
ឯកឧត្តម លី វេត បានលើកឡើងថា ការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។ ដូច្នេះរាល់បញ្ហាអាទិភាព និងការផ្តល់មតិយោបល់ទាំងនេះ រដ្ឋបាលខេត្ត និងពិចារណាដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំកាន់តែប្រសើរឡើង។ លើសពីនេះទៀតរដ្ឋបាលខេត្ត និងកែលម្អការផ្តល់សេវារបស់ខ្លួន ឱ្យកាន់មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់អាចឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋបាន ព្រមទាំងអាចកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខាន។
ជាមួយគ្នានេះដែរឯកឧត្តម លី វេត បានជំរុញដល់មន្ទីរជំនាញនិងអ្នកពាក់ព័ន្ធធ្វើការពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងធ្វើការតាមដានលើការដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត។ រាល់សំណើ សំណូមពរ ក្នុងវេទិកាក្រុមប្រឹក្សាស្រុក ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរទៅលើការស្នើសុំឱ្យជួសជុលផ្លូវដែលបានលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀង ការស្នើធ្វើផ្លូវចាក់កៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ការដាក់លូតាមផ្លូវមួយចំនួន ការស្តារប្រឡាយទឹក ដើម្បីយកទឹកធ្វើកសិកម្ម ការនេសាទត្រីត្រូវប្រើឧបករណ៍ឱ្យស្របច្បាប់ អគ្គិសនីឱ្យមានគ្រប់ទីកន្លែង ការស្នើសុំចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណបាត់រឺខូច និងសំបុត្រកំណើត ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
អត្ថបទលោកធូ កែវមុន្នី